ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាអះអាងនៅក្រោយកិច្ចជំនួបកំពូលរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិក្រោមព្រះរាជធិបតីភាពព្រះមហាក្សត្រសម្តេចព្រះនរោតម្ភសីហមុនីនៅព្រឹកថ្ងៃសៅរនេះថាបានប្រព្រឹត្តទៅក្នុងភាពយល់ចិត្តគ្នាអាចឈានទៅរកការបង្កើតរដ្ឋាភិបាលថ្មីបានដោយគ្មានឧបសគ្គ។លោកឧបនាយករដ្ឋមន្រ្តីសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃសៅរទី១៤ខែកញ្ញានេះថាគណបក្សទាំងពីរបានយល់ព្រមទទួលយកព្រះរាជតម្រិះពីព្រះមហាក្សត្រដើម្បីបង្រួបបង្រួមជាតិ សម្រាប់បង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៥។
លោកបញ្ជាក់ថាការទទួលយកនោះដោយសារគណបក្សប្រឆាំងព្រមចូលប្រជុំសភាលើកដំបូងដែលគ្រោងធ្វើនៅថ្ងៃ២៣ខែកញ្ញានេះតាមការកោះប្រជុំរបស់ព្រះមហាក្សត្រគឺនូវចំនួនតំណាងរាស្ត្រ៦៨ទល់និង៥៥ដូចលទ្ធផលផ្លូវការដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងយន្តការផ្សេងៗទៀតដើម្បីបង្កើតរាជរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោត។លោកឧបនាយករដ្ឋមន្ត្រីបន្តថា កិច្ចប្រជុំស្វែងរកដំណោះស្រាយនៃវិបត្តិបោះឆ្នោតសភានិតិកាលទី៥នេះបានប្រព្រឹត្តទៅដោយមានការយោគយល់គ្នាហើយមានការព្រមព្រៀងគ្នាជាច្រើនចំណុចដែលធ្វើឲ្យស្ថានការណ៍នយោបាយអាចធូរស្រាលនិងព្រះមហាក្សត្រអាចកោះប្រជុំសភាតាមការគ្រោងទុកនៅថ្ងៃទី២៣ខែកញ្ញាខាងមុខនេះ។
ដោយឡែកលោកសមរង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានឲ្យដឹងថាកិច្ចប្រជុំនេះមិនទទួលបានលទ្ធផលអ្វីទេដោយភាគីទាំងសងខាងប្រកាន់ជំហររៀងៗខ្លួន។គណបក្សសង្គ្រោះជាតិនៅតែទាមទារឲ្យរកយុត្តិធម៌ជូនម្ចាស់ឆ្នោតដោយបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។ចំណែកឯគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរទទួលយកលទ្ធផលបោះឆ្នោតដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ព្រះមហាក្សត្រមហាក្សត្រមានព្រះរាជបន្ទូលឲ្យគណបក្សទាំង២បន្តដោះស្រាយបញ្ហាជាប់គាំងនេះដោយសន្តិវិធីនិងសហការគ្នាថែរក្សាស្ថិរភាពនិងសន្តិភាពសង្គម។ព្រះអង្គទ្រង់ក៏បានព្រះរាជទានលិខិតកោះអញ្ជើញប្រជុំសភានៅថ្ងៃទី២៣ខែកញ្ញាទៅដល់តំណាងគណបក្សទាំង២ដើម្បីចែកជូនដល់បេក្ខភាពតំណាងរាស្ត្រទាំងអស់។បើទោះជាយ៉ាងណាក៏ដោយនឹងមានកិច្ចប្រជុំពិសេសមួយជាលើកទី២នៅថ្ងៃច័ន្ទទី១៦ខែកញ្ញារវាងមេដឹកនាំកំពូលនៃគណបក្សទាំង២ដែលនឹងពិភាក្សាគ្នាលើបញ្ហាជាប់គាំងផ្នែកនយោបាយនេះ។ប៉ុន្តែមន្ត្រីគណបក្សនៅតែបង្ហាញជំហរអំពីការធ្វើមហាបាតុកម្មនឹងនៅតែមានដដែលនៅរាជធានីភ្នំពេញ៕
ដោយ ៖ ស.ស្អាត