កំពង់ចាម៖ គ្រឿងអលង្ការ ទ្រព្យសម្បត្ដិ លុយកាក់និងម៉ូតូ មួយគ្រឿង ត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធ មានគ្នា ៤នាក់បានចូលប្លន់ ដោយចាប់ម្ចាស់ផ្ទះ ចង និងវាយបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ស្ថិតនៅក្នុងភូមិចំបក់ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាមហើយផ្ទះជនរងគ្រោះ គឺកូនប្រុសម្នាក់ ទើបត្រឡប់មកពីធ្វើការនៅ ប្រទេសកូរ៉េ ។
លោក សួស ស៊ាងលី អធិការនគរបាល ស្រុកត្បូងឃ្មុំ បានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះ ដែលត្រូវក្រុមចោរ ចាប់ ចង និងវាយបណ្ដាលឱ្យរងរបួសធ្ងន់នោះឈ្មោះ អ៊ុយ ឡុន ភេទប្រុស អាយុ ៦០ឆ្នាំ និងប្រពន្ធឈ្មោះ ឡាំង យុន អាយុ៥៥ឆ្នាំ និងមានកូនឈ្មោះ តេង រ៉ាវីន ភេទប្រុស អាយុ ១២ឆ្នាំ ឈ្មោះ តេងស្រីនីន ភេទស្រី អាយុ ៩ឆ្នាំ ប៉ុន្ដែមិនរងរបួសនោះទេ ដោយឡែកកូនប្រុសដែលទើបមកពី ធ្វើការនៅប្រទេសកូរ៉េ ឈ្មោះ ឡុន សុផល អាយុ ២៧ឆ្នាំមិនបាននៅផ្ទះនោះឡើយ គឺរវល់ទៅដើរលេង បាត់។
បើតាមលោកអធិការ សកម្មភាពប្លន់ប្រដាប់អាវុធនេះ បណ្ដាលឱ្យជនរងគ្រោះបាត់អស់ប្រាក់ ដុល្លារ ១៥.៣៥០ដុល្លារ ប្រាក់រៀល ២០ម៉ឺនរៀល ម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ខ្សែក ១ខ្សែ ទម្ងន់ ៦ជី ខ្សែដៃមាស ១ខ្សែ ទម្ងន់ ៤ជីចិញ្ចៀន១វង់ ទម្ងន់១ជី ក្រវិល ១គូ ទម្ងន់ ៥ហ៊ុន ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ករណីប្លន់នេះមិនបានឮដល់អ្នកជិតខាងនោះឡើយ ហើយ ពេលប្លន់រួច ក្រុមចោរបានគេចខ្លួនពេលនោះម្ចាស់ផ្ទះ បានរើរួចពីចំណង ក៏ទូរស័ព្ទទៅកូនប្រុស ឱ្យត្រឡប់ មកផ្ទះវិញ។
ទាក់ទិនករណីនេះ ស្នងការរងនគរបាលខេត្ដកំពង់ចាម លោក ជឹម សេងហុងបានឱ្យដឹងថា រយៈពេល២ម៉ោង ក្រោយ ទើបសមត្ថកិច្ចដឹងប៉ុន្ដែពេលទទួលព័ត៌មានភ្លាម លោកបាន បញ្ជូនកម្លាំងនគរបាលជំនាញ ចុះទៅជួយអន្ដរាគមន៍ និងកំណត់អត្ដសញ្ញាណ ក្រុមចោរប្រដាប់អាវុធ ទាំងនោះ។ មន្រ្តីនគរបាលបញ្ជាក់ថា ក្រុមចោរប្លន់ទាំងនេះ វាមិនៅឆ្ងាយទេទំនងជានៅក្នុងភូមិក្បែៗនោះទើបដឹងរឿងច្បាស់៕
ដោយ៖ ស.ស្អាត