ភ្នំពេញ៖ គណៈគ្រប់គ្រង និងសាស្រ្តាចារ្យសាលាគ្រីអេធីវកម្ពុជា (Creative School of Cambodia ឬ CSC) បានដឹកនាំសិស្សផ្នែកភាសាអង់គ្លេស ចំណេះដឹងទូទៅភាសាខ្មែរ ជំនាញដឹកនាំ និងគ្រប់គ្រងជិត៥០នាក់ ធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅឯជាយក្រុងភ្នំពេញ ដើម្បីស្វែងយល់នូវអ្វីដែលបានបន្សល់ទុកពីរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោក ហួត ច័ន្ទក្រិស្នា នាយករងប្រចាំនៅសាលាគ្រីអេធីវកម្ពុជា បាននិយាយរៀបរាប់ ដល់ ក្រុមអ្នកសារព័ត៌ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៣ នៅទីតាំងប្រវត្តិសាស្ត្រជើងឯក ថា ដើម្បីផ្សាភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តន៍ជាក់ស្តែង ក្នុងគោលបំណងបណ្តុះមនសិកា សិស្សានុ សិស្ស ដែលជាយុវជនខ្មែរជំនាន់ក្រោយឲ្យចេះស្រឡាញ់ជាតិ មាតុភូមិ និងទទួលបាន នូវចំណេះ ដឹងពិត ដែលទាក់ទងទៅនឹងវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿង។
លោកបានបន្តថា តាមសម័យកាលនីមួយៗ រួមទាំងប្រវត្តិសាស្ត្រ ដ៏ជូរចត់ដែលបានកើតឡើងចំពោះប្រជាជនខ្មែរនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលជាយុគសម័យដ៏ខ្មៅងងឹតបានសម្លាប់មនុស្សអស់រាប់លាននាក់នោះ ទើបជារៀងរាល់ឆ្នាំសាលាគ្រីអេធីវកម្ពុជា តែងតែបានរៀបចំនូវដំណើរទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សផ្នែកភាសាអង់គ្លេសពី Level 1 ដល់ Level 6 សរុបមានចំនួនជាង៥០០នាក់។
លោកនាយករងរូបបញ្ជាក់ថា សាលារបស់លោក បានធ្វើទស្សនកិច្ចសិក្សា នៅតាមទីតាំងប្រវត្តិសាស្ត្រសំខាន់ៗ ៤កន្លែងនៅរាជធានីភ្នំពេញ ក្នុងនោះមាន៖ ព្រះបរមរាជវាំង សារមន្ទីរជាតិ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យ ពូជសាសន៍ជើងឯកផងដែរ។
លោក Michael Young សាស្ត្រាចារ្យបង្រៀនភាសាអង់គ្លេសប្រចាំនៅសាលា CSC ក៏បានលើកឡើងថា ដោយឡែកសម្រាប់ឆ្នាំសិក្សា ២០១២-២០១៣ នេះ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៣ គណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូនៃសាលាគ្រីអេធីវកម្ពុជា បានដឹកនាំសិស្សានុ សិស្សចំណេះទូទៅ និងព្រមទាំងផ្នែកជំនាញផ្សេងៗ ទៅធ្វើទស្សនកិច្ចសិក្សានៅតាមទីតាំងវប្បធម៌ប្រវត្តិសាស្ត្រសំខាន់ៗ ចំនួនតែ២កន្លែងប៉ុណ្ណោះ គឺសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ជាមួយគ្នានេះសិក្សាស្រាវជ្រាវ រៀនសូត្រ យល់ដឹង ពីវប្បធម៌ប្រវត្តិសាស្ត្រ របស់ព្រះរាជាណាចក្រកម្ពុជា និងផ្សាភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តន៍ជាក់ស្តែង ។
លោក ឯក ជីងប៉ោ ជាសិស្សដែលកំពុងតែសិក្សានៅសាលា CSC ផ្នែកជំនាញភាសា អង់គ្លេសទូទៅ និងភាពជាអ្នកដឹកនាំ (leadership) បាននិយាយថា លោកមានមោទនភាពណាស់ដែលបានមកបំពេញទស្សនកិច្ចសិក្សានៅទីនេះចំនួនពីរលើកផងដែរ។
លោកបានបន្តថា បន្ទាប់ពីខ្ញុំបានសិក្សានូវប្រវត្តិសាស្ត្ររបស់របបប៉ុលពតដ៏ជូចត់បែបនេះ ហើយអ្វីដែលមិនគួរជឿងនោះគឺខ្មែរបានសម្លាប់ខ្មែរគ្នាឯងបែបនេះ ហើយក៏មិនចង់ឲ្យអតីតកាលត្រឡប់មកវិញដែរ នៅពេលដែលលោកត្រឡប់ទៅវិញលោករៀបរាប់ប្រាប់មិត្តរួមថ្នាក់ ក៏ដូចបងប្អូនដ៏ទៃទៀតឲ្យយល់នូវតំលៃប្រវត្តិសាស្ត្ររបស់យើង ដើម្បីកុំឲ្យវាកើតមានឡើងម្តងទៀតចំពោះយុវជនជំនាន់ក្រោយឲ្យសោះ។
លោកបន្ថែមថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សា តាមកន្លែងនីមួយៗវិទ្យាស្ថានក៏បានតម្រូវឱ្យសិស្សានុសិស្ស សរសេររបាយការណ៍ ជាភាសាអង់គ្លេសទុកជាឯកសារក្នុងន័យពង្រឹងគុណភាព សិក្សារបស់សិស្សឱ្យសមស្របតាមគោលបំណងពង្រឹងចំណេះដឹង និងចងក្រមស្នាដៃរបស់សិស្សទុកសម្រាប់ឲ្យសិស្សជំនាញក្រោយសិក្សា និងស្រាវជ្រាវបន្ថែមទៀត។
សូមបញ្ជាក់ថា សាលាគ្រីអេធីវកម្ពុជា (CSC) ត្រូវបានបង្កើតឡើងអស់រយៈពេលជាង១ឆ្នាំមក ហើយ ក្នុងនោះក៏មានការគាំទ្រពីសំណាក់សិស្សានុសិស្សជាង៥០០នាក់ ដែលបាននឹងកំពុងសិក្សានៅទីនោះ ដោយទទួលបានទាំងផ្នែកគុណភាព និងវិន័យល្អផងដែរ៕
ដោយ៖ សុវណ្ណរ័ត្ន