បន្ទាយមានជ័យ៖ ខណៈគណបក្សនយោបាយកំពុងតែសំរុកធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រ ក៏ដូចជាពេលវេលានៃការបោះឆ្នោតកាន់តែខិតជិតមកដល់ និងស្របពេលដែលរាជរដ្ឋាភិបាលបានធ្វើការផ្សព្វផ្សាយតាំងពី ថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិនិងតាមប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាតាមរយៈភូមិមេឃុំក៏ដោយ ក៏គេនៅតែឃើញមាន ក្រុមហ៊ុនឯកជននិងមេខ្យល់មួយចំនួនបាននឹងកំពុងបន្តសំរុកសកម្មភាពនាំចេញ ពលករកម្ពុជាតាមច្រករបៀងទៅកាន់ប្រទេសថៃយ៉ាងគគ្រឹក គគ្រេងគ្មានខ្លាចរអែងច្បាប់អ្វីសោះឡើយទំនងជាទទួលបានសំណែនពីក្រុមហ៊ុន ទាំងនោះចាស់ដៃហើយមើលទៅ។
ចំពោះក្រុមហ៊ុនឯកជនដែលកំពុងសំរុកនាំពលករចេញទៅប្រទេសថៃនោះ ត្រូវបានពលករបង្ហាញថាមានឈ្មោះ ក្រុមហ៊ុនសឹកសេសមេនផៅវ័រ សឺវីស(SUCCESS MANPOWER SERVICE CO,LTD) ដែលនៅព្រឹកថ្ងៃទី០៣កក្កដានេះ គេបាននាំចេញពលករប្រមាណជាជិត៣០០នាក់។ពលករទាំងនោះត្រូវបានខាងក្រុមហ៊ុននាំយកទៅជួបជុំគ្នានៅក្បែអាង ក្រពើកាស៊ីណូហ្គោលដិនច្រកអន្តរជាតិប៉ោយប៉ែតរង់ចាំភាគីក្រុមហ៊ុនរត់ការបោះត្រាលិខិតឆ្លងដែន និងរៀបចំឲ្យកម្មកអូសរទេះដឹកកាបូបខោអាវទៅដីថៃមុនដើម្បីជាការងាយស្រួលដល់ពួកធ្វើការឆ្លងដែនដោយគ្មានការសួរនាំពីមន្រ្តីព្រំដែនទាំងពីរប្រទេស។
ជាមួយគ្នានោះសម្រាប់ច្រករបៀងគ្មានច្បាប់មួយកន្លែងខាងលិចកាស៊ីណូហូវ៉ាហ្គេនធីងក៏កំពុងតែសប្បាយនឹងការកើបលុយពីពលករឆ្លងដែនខុសច្បាប់ទាំងនោះផងដែរ។ចំណែកតម្លៃនាំចេញវិញពលករម្នាក់ត្រូវបង់ប្រាក់តែត្រឹម ពី៣០០ទៅ៥០០បាតដល់មេខ្យល់ សកម្មភាពឆ្លងដែននេះបានប្រព្រឹត្តិទៅមិនថាយប់ឬថ្ងៃនោះទេហើយមិនចាំបាច់មានលិខិតឆ្លងដែនក៏អាចទៅបានដែរ។
ចំណែករូបភាពនៃការនាំពលករចេញនោះគឺគេប្រើប្រាស់ក្រុមម៉ូតូឌុបនិងអ្នករត់កង់បីជាអ្នកចាំដឹកជញ្ជូនពលករដែលមកពី តាមបណ្តារខេត្តពិសេសខេត្តនៅតាមបណ្តោយព្រំដែនដែលពួកគេចាញ់បោកមេខ្យល់។
យ៉ាងណាក៏ដោយអាជ្ញាធរស្រុក ខេត្ត និងតាមព្រំដែនមិនគួរមើលរំលងចំណុចនេះទេគួរមានវិធានការទប់ស្កាត់ពលករទាំនោះ ពិសេសគឺឲ្យពួកគេនៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តដែលនឹងមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ព្រោះពួកគេគឺជាពលរដ្ឋខ្មែរដែលមានសិទ្ធិជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត និងជាកាតពកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់រូបដែលគ្រប់អាយុត្រូវបោះឆ្នោត និងបានចុះឈ្មោះបោះឆ្នោតនៅគ.ជ.ប.រួចហើយនោះ៕
ដោយ៖ សុវណ្ណរ័ត្ន