ភ្នំពេញ៖ខួប៥ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនឹងត្រូវសាលារាជធានីភ្នំពេញប្រារពធ្វើឡើងនៅពហុកីឡាជាតិអូឡាំពិកក្នុងទីលានប្រកួតបាល់ទះនារាត្រីថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ។ បើគ្មានការកែប្រែទេនោះ ពិធីនេះនឹងមានមនុស្សចូលរួមចំនួន១ម៉ឺន២ពាន់នាក់ប៉ុន្តែអាចនឹងមានមនុស្សអ្នកចូលរួមច្រើនជាងនេះចូលទស្សនា។
នៅក្នុងកិច្ចប្រជុំពិភាក្សារការងារត្រៀមរៀបចំកម្មវិធីនេះ កាលពីរសៀលថ្ងៃទីថ្ងៃទី០១ខែកក្កដា២០១៣នៅសាលារាជធានីភ្នំពេញលោកប៉ាសុជាតិវង្សអភិបាលរាជធានីភ្នំពេញបានលើកឡើងថា តាមកម្មវិធីដែលបានត្រៀមទុកនោះគឺត្រូវបានចាប់ផ្តើមឡើងនៅម៉ោង១៦រហូតដល់ម៉ោង២១ និង០០នាទីក្នុងរាត្រីថ្ងៃទី០៧កក្កដាខាងមុខនេះក្រោមវត្តមានលោកបណ្ឌិតសភាចារ្យសុខអានឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងលោកស្រី។
ក្នុងគំរោងនោះដែរត្រូវបានរៀបចំបែងចែកភារកិច្ចជាច្រើន ស្ថាប័នដល់មន្រ្តីជាប់ពាក់ព័ន្ធក្នុងនោះរួមមានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ,ក្រសួងការពារជាតិដែលមានកងទ័ពមានជើងទឹកគោក និងអាកាសមានចំនួន១៥០នាក់,ទីស្តីការគណៈរដ្ឋមន្ត្រី,ក្រសួងអប់រំយុវជននិងកីឡា, អគ្គីសនីកម្ពុជា,ស្ថានីយ៍ទូរទស្សន៍បាយ័ន, វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា,សហភាពសហព័ន្ធយុវជនកម្ពុជាដែលមានសិស្សនិស្សិតបញ្ញាវ័ន្តជាច្រើនពាន់នាក់និងមន្រ្តីសាលារាជធានីភ្នំពេញ។ ក្នុងកម្មវិធីនេះក៏មានការប្រគុំតន្ត្រី និងមាននការបាញ់កាំជ្រូចរយៈពេលពី២០ទៅ២៥នាទីនិង មានបញ្ចាំងស្លាយនៅតាមគោលដៅមួយចំនួនបន្តផ្ទាល់នៅខាងក្រៅកម្មវិធីដើម្បីអបអរសាទរ ហើយក៏មានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជាផងដែរ។
ប្រធានអង្គប្រជុំ លោកប៉ាសុជាតិវង្សបានលើកឡើងថាដោយសារក្នុងខែកក្កដានេះចំរដូវភ្លៀងទើបយើងសំរេចយកទីតាំងតារាងបាល់ទះនៃស្តាតអូឡាំពិកធ្វើជាកន្លែងប្រារព្ធពិធីតែម្តង។ ក្នុងកម្មវិធីនោះអ្នកចម្រៀងនិងអ្នកចូលរួមគឺត្រូវតែច្រៀងចម្រៀងពង្សាវតាខ្មែរដើម្បីឲ្យពិធីនោះប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង។ បន្ទាប់ពីនោះក៏នឹងមានបញ្ចាំងផ្ទាំងទស្សនីយភាពដែលបានកើតមានកន្លងមកក្នុងជម្លោះប្រាសាទព្រះវិហារមកជូនទស្សនាតាមការរៀបចំ។
ដោយឡែក លោកហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលមានពិសោធន៍ក្នុងការរៀបចំបែបនេះម្តងរួចមកហើយនៅទីក្រុងសៀមរាបអង្គ បានលើកឡើងថាយើងទាំងអស់គ្នាពិតជាមានមោទនៈភាពណាស់ចំពោះជោគជ័យរបស់កម្ពុជា ដែលត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលព្រះវិហាររបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
លោក ហ៊ុន ម៉ានី បន្តថា សំរាប់ខួបកំណើត៥ឆ្នាំនៃការបញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនៅក្នុងថ្ងៃទី០៧កក្កដាខាងមុខនេះយើងនឹងប្រារព្ធធ្វើឡើងឲ្យបានធំដោយមានយុវជនចូលរួមជាង១ម៉ឺននាក់ហើយក្នុងកម្មវិធីនោះនឹងបញ្ចាំងនូនទស្សនានូវរូបភាពបានប៉ះទង្គិចគ្នាជាមួយកងទ័ពថៃកន្លងមក ជុំវិញរឿងរ៉ាវប្រាសាទព្រះវិហាររបស់កម្ពុជាយើងដើម្បីអោយយុវជនកម្ពុជាបានឃើញពីអ្វីដែលកើតមាន ក្រោយពីប្រាសាទព្រះវិហាររបស់យើងត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ៕
ដោយ៖ ស្រីផល