ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ នេះគណៈប្រតិភូគណបក្សគុម្មុយនិស្តចិន បានសន្យានឹងបន្តពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយ
គណបក្សហ៊្វុនស៊ិនប៉ិច ឲ្យកាន់តែខ្លាំងឡើងថែមទៀត។ បើទោះជាក្នុងរយៈកន្លងមកនេះមានការធ្លាក់
ចុះនូវប្រជាប្រិយភាពបន្តិចបន្តួចក៏ដោយក៏មហាមិត្តចិននៅតែបន្តពូនជ្រំចំណងមិត្តភាពនេះឲ្យស្ថិតនៅគង់វង់យូរអង្វែងព្រោះគណបក្សគុម្មុយនិស្តចិន ដឹងថានេះជាគណបក្សតែមួយគត់ដែលជាស្នាមព្រះហស្ថ
ផ្ទាល់របស់សម្តេចព្រះនរោត្តមសីហនុ បានបង្កើតឡើងហើយក៏ទុកជាកេរតំណែលដ៏ថ្លៃថ្លាដល់ប្រជារាស្រ្ត
ជំនាន់ក្រោយនាំគ្នាថែរក្សាបន្ត។
ការលើកឡើងបែបនេះគឺក្នុងពេលដែលគណៈប្រតិភូគណបក្សគុមម្មុយនិស្តចិន ដែលដឹកនាំដោយ ឯកឧត្តម
Gao Yongzhong នាយករងមជ្ឈមណ្ឌលស្រាវជ្រាវនៃគណៈកម្មាធិការកណ្តាលគណបក្សគុម្មុយនិស្តចិន
បានអញ្ជើញទៅទស្សនា និងផ្តល់នូវបាឋកថានៅទីស្នាក់ការកណ្តាលគណបក្ស ហ៊្វុនស៊ិនប៉ិច ជាមួយថ្នាក់ដឹកនាំគណបក្សដែលដឹកនាំដោយសហជីវិនផាន់សិទ្ធីទីប្រឹក្សារាជរដ្ឋាភិបាល និងជាគណៈអចិន្រ្តៃយ៍គណបក្សសហជីវិន សឹម សុន និងថ្នាក់ដឹកនាំសមាជិកសមាជិការព្រមទាំងតំណាងចលនាយុវជននារីហ៊្វុនស៊ិនប៉ិចជារូបទៀត។
ក្នុងនាមសម្តេចព្រះអនុជនរោត្តមអរុណរស្មីប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សហជីវិនផាន់សិទ្ធី បានមានប្រ
សាសន៍ស្វាគមយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណបក្សគុមម្មុយនិស្តចិន ដែលបានចំណាយពេលវេលាដ៏
មានតម្លៃមកបំពេញទស្សនកិច្ចនាពេលនេះដែលបង្ហាញឲ្យឃើញពីទំនាក់ទំនងយ៉ាងជិតស្និតរវាង ប្រជាជនកម្ពុជា និងប្រជាជនចិនពិសេសរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សគុមម្មុយនិស្តចិន ដែលមានតាំងពីជំនាន់សម្តេចឪ រហូតមកដល់ពេលនេះនឹងបន្តទៅថ្ងៃខាងមុខទៀត។ ទន្ទឹមនេះសហជីវិនក៏បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះមហាមិត្តចិន ដែលបានថែទាំព្រះរាជសុខភាពអង្គសម្តេចឪ ពេលមានព្រះជន្មនៅ និងសម្តេចម៉ែ យ៉ាងយកចិត្តទុកដាក់ពិសេសជាងនេះទៀតបានរៀបចំព្រះរាជពិធីដង្ហែព្រះបរមសពព្រះបរមរតនកោដ្ឋយាង និវត្តមកមាតុប្រទេសវិញប្រកបដោយមហាកិត្តិយស។
សហជីវិនផាន់សិទ្ធីក៏បានថ្លែងអំណរគុណថែមទៀតចំពោះគណបក្សគុមម្មុយនិស្តចិន ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រទាំងស្មារតីសម្ភារៈថវិកាដល់គណបក្សហ្វ៊ុនស៊ិនប៉ិច តាំងពីដើមរៀងមករហូតដល់ពេលនេះ។ជាមួយគ្នានោះដែរសហជីវិនក៏បានជម្រាបជូនពីព្រឹត្តិការណ៍ថ្មីៗដែលគណបក្សសម្រេចនាពេលកន្លងមកនេះគឺគណបក្សបានសម្រេចជ្រើសរើសសម្តេចព្រះអនុជនរោត្តមអរុណរស្មី ធ្វើជាប្រធានគណបក្សដែលជាការកែទម្រង់ដ៏ធំមួយពុំធ្លាប់មានដើម្បីឲ្យគណបក្សនេះមានប្រសិទ្ធភាពការងារក្នុងជួរថ្នាក់ដឹកនាំ និងមានភាពរីកចំរើនថែមទៀតទៅថ្ងៃអនាគតតាមគោលនយោបាយដឹកនាំដ៏ថ្លៃថ្លានៃអង្គសម្តេចឪ។ បើទោះជាយ៉ាងនេះក្តីសហជីវិនផាន់សិទ្ធីបានស្នើសុំគណបក្សគុមម្មុយនិស្តចិន បន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀតដល់ គណបក្សហ៊្វុនស៊ិនប៉ិច លើគ្រប់មធ្យោបាយទាំងសម្ភារៈថវិកា និងបច្ចេកទេសតាមរយៈការផ្លាស់ប្តូរបទពិសោធន៍និងបណ្តុះបណ្តាលធនធានមនុស្សរវាងគណបក្សទាំងពីរ ដើម្បីបង្កើននូវចំណេះដឹងបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម Gao Yongzhong បានឯកភាពតាមការស្នើសុំដោយឯកឧត្តមបានបញ្ជាក់ថាការធ្វើទំនាក់ទំនងជៀសមិនផុតពីការជួយគ្នាទៅវិញទៅមកនោះឡើយហើយប្រពៃណីនេះមិនមែនមានតែក្នុងបច្ចុប្បន្នកាលនេះទេគឺរវាងកម្ពុជា និងចិនមានជាយូយារណាស់មកហើយមានន័យថាមានតាំងពីជំនាន់មុនៗមកម្ល៉េះពិសេសគឺជំនាន់សម្តេចឪដែលមហាទំនាក់ទំនងនេះកាន់តែត្រូវបានពង្រីកឥតឈប់ឈរ។
ជាមួយគ្នានោះឯកឧត្តមប្រធានប្រតិភូក៏បានផ្តល់នូវបទពិសោធន៍ជាច្រើនទាក់ទងទៅនឹងការគ្រប់គ្រងនិងកសាងកម្លាំងនៅថ្នាក់មូលដ្ឋានដែលគណបក្សគុមម្មុយនិស្តចិនធ្លាប់បានទទួលជោគជ័យរួចមកហើយ។ឯកឧត្តម បានរំលឹកថាសមាជិកថ្នាក់មូលដ្ឋានជាចំណែកមួយយ៉ាងសំខាន់ក្នុងការថែរក្សាកម្លាំងក៏ដូចជាការប្រមូលកម្លាំងមហាជនទាក់ទងមហាជនឃោសនាមហាជននៅតាមមូលដ្ឋានទើបធ្វើឲ្យរចនាសម្ព័ន្ធបក្សមានភាពរឹងមាំ។
ឯកឧត្តមបានបន្តថាដើម្បីឲ្យរចនាសម្ព័ន្ធបក្សមានភាពរឹងមាំបានគឺត្រូវតែស្ថាបនាកម្លាំងឬលើកស្ទួយសមាជិកតាមមូលដ្ឋានឲ្យមានភាពរឹងមាំសិនទាំងលទ្ធភាពសមត្ថភាព និងជីវភាពជឿនលឿនទើបអាចឈានទៅពង្រីកកម្លាំងមហាជនបាន។ ម៉្យាងទៀតការពង្រីកកម្លាំងកម្មាភិបាលចែកចេញជា ៣ថ្នាក់មានថ្នាក់មជ្ឈឹមថ្នាក់កណ្តាល និងថា្នក់មូលដ្ឋាន ដើម្បីអាចឈានទៅចាប់យកការប្រមូលកម្លាំងមហាជននៅតាមមូលដ្ឋានបានប្រសើរ៕
ដោយ សំអាត