ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានចេញសេចក្តីប្រកាសព័ត៌មាន លើកឡើងពីការពិនិត្យ ពាក្យប្តឹង របស់មន្ត្រីរាជការ នៅខេត្តឧត្តរមានជ័យ រាយការណ៍ពីភាពមិនប្រក្រតីមួយចំនួន កើតឡើងតាមមន្ទីរនានា ក្នុងខេត្តនេះ។ តាមពាក្យប្តឹង មន្ទីរនានា មានការគ្រប់គ្រង និងដឹកនាំដោយមិនបានត្រឹមត្រូវ ហេតុនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសក្រើនរំលឹក ដល់មន្ទីរមួយចំនួន នៅក្នុងខេត្តឧត្តរមានជ័យ គប្បីបញ្ឈប់នូវសកម្មភាពមួយចំនួន ដែលបានកើតមានឡើង។
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ អង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញពីភាពមិនប្រក្រតីចំនួន ៣ ចំណុច ដែលបានកើតឡើង តាមមន្ទីរនានា ក្នុងខេត្តឧត្តរមានជ័យ ក្នុងនោះរួមមាន៖
-ករណីឪពុក ជាប្រធានមន្ទីរ កូនជាប្រធានគណនេយ្យ៖ យោងតាមប្រការនេះ ជាករណីទំនាស់ផលប្រយោជន៍ មិនអាចធ្វើបានទេ គួរគប្បីឲ្យឪពុក ឈប់ធ្វើជាប្រធានមន្ទីរ ឬមួយ កូនឈប់ធ្វើប្រធានគណនេយ្យ។
-ករណីមន្ត្រីជាប់កិច្ចសន្យា គឺមិនមានសិទ្ធិ ចុះហត្ថលេខាលើលិខិតស្នាមអ្វីទាំងអស់។ មន្ត្រីជាប់កិច្ចសន្យា គ្រាន់តែជាជំនួយការឲ្យមន្ត្រីរដ្ឋបាល ដូចជា វាយអត្ថបទ ថតចម្លង ឬបញ្ជូនឯកសារតែប៉ុណ្ណោះ ហើយមិនមានការទទួលខុសត្រូវ លើកិច្ចការរដ្ឋបាលនោះទេ។ ចំណែកឯពលករអណ្តែត មិនមែនជាជំនួយការឲ្យមន្ត្រីរដ្ឋបាលទេ គឺជាអ្នកធ្វើការងារផ្នែកអនាម័យ ថែសួន។ល។
-ករណីចលនទ្រព្យរបស់រដ្ឋ មានតែឯកសារ តែគ្មានទ្រព្យ ត្រូវឈមមុខនឹងផ្លូវច្បាប់ ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំឯកសារសាធារណៈ ( មាត្រា៦២៩ ) និងការកេងយកផលប្រយោជន៍ ដោយខុសច្បាប់ ( មាត្រា ៥៩៧ និងមាត្រា ៥៩៨ ) នៃក្រមព្រហ្មទណ្ឌ។
ACU បានគូសបញ្ជាក់ នៅចុងបញ្ចប់ថា អង្គភាពប្រឆាំងអំពើពុករលួយ សង្ឃឹមជឿជាក់ថា បណ្តាមន្ទីរនានា នៅក្នុងខេត្តឧត្តរមានជ័យ និងធ្វើការកែលំអ លើការងារដឹកនាំ គ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅក្នុងការងារ ៕
ដោយ៖ រតនា