ភ្នំពេញ៖ តារាចម្រៀងស្រី រាងតូចល្អិត សាច់សខ្ចីវ័យក្មេង កញ្ញា រតនៈ ពិសី បានសន្សំកេរ្តិ៍ឈ្មោះ ចាប់តាំងពីធ្វើជាអ្នកចម្រៀងនៅតាមភោជនីយដ្ឋាន រហូតត្រូវបានមហាជន កោតសរសើរពីទឹកដមសម្លេងដ៏ក្រអួនក្រអៅរបស់នាង និងបានការចាប់អារម្មណ៍ពីម្ចាស់ផលិតកម្មRGB ទទួលយកនាងឲ្យច្រៀងប្រចាំផលិតកម្មរបស់គេជិតមួយឆ្នាំមកហើយ ប៉ុន្តែ គេនៅមិនទាន់ឃើញតារាចម្រៀងរូបនេះមានភាពលេចធ្លោនៅឡើយ រួមទាំងរឿងស្នេហាផងដែរ បន្ទាប់ពីបែកបាក់ជាមួយបុរសនៅបារាំងនោះ។ តារាចម្រៀងកញ្ញា រតនៈ ពិសី បានបន្សាត់ខ្លួនចូលប្រឡូកសិល្បៈជិត៤ឆ្នាំមកហើយ អ្វីដែលនាងទន្ទឹង និងរង់ចាំមកដល់ថ្ងៃនេះ គឺប្រាថ្នាចង់ក្លាយជាតារាចម្រៀងអាជីពម្នាក់ និងមានទ្រនំមួយច្រៀងនឹងគេ។ ទើបតែមកដល់ឆ្នាំ២០១៣ នាងបានសមដូចបំណង ខណៈដែលនាងបានចូលច្រៀងនៅក្នុងផលិតកម្មថ្មីមួយ គឺផលិតកម្មRGB ដែលទើបបង្កើតឡើងនៅអំឡុងឆ្នាំ ២០១៣ នោះដែរ។
ទោះជាយ៉ាងក្តី កញ្ញា រតនៈ ពិសី នៅមិនទាន់ប្រាដកក្នុងចិត្តច្បាស់នៅឡើយទេថា នៅពេលដែលបទចម្រៀងរបស់នាងចេញលក់នៅលើទីផ្សារ តើនាងអាចនឹងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ក៏ដូចជាមិត្តៗយុវវ័យកម្រិតណានោះទេ ព្រោះនេះជាលើកដំបូងរបស់នាង ដែលបានចូលច្រៀងនៅក្នុងផលិតកម្មថតជាបទចម្រៀងដាក់ឌីស។ កញ្ញា រតនៈ ពិសី
បន្តឲ្យដឹងថា សព្វថ្ងៃ នាងក៏មានការងារមមាញឹកគួរសម ជាមួយនឹងការចេញច្រៀងនៅតាមបណ្តាកម្មវិធីប្រគំតន្ត្រីនានា
របស់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយចំនួន។ លើសពីនេះ នាងក៏កំពុងតែត្រៀមខ្លួនទៅច្រៀងនៅប្រទេសអូស្ត្រាលីនៅខែ
សីហា ឆ្នាំ២០១៤ ខាងមុខ បន្ទាប់ពីបរាជ័យក្នុងការសម្ភាសន៍លើកទីមួយនៅស្ថានទូតអូស្ត្រាលីនៅ កម្ពុជា កាលពីខែកុម្ភៈ
ឆ្នាំ២០១៤ កន្លងទៅ។ ពិសី បានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១១ នៅវិទ្យាល័យសន្ធរម៉ុក។ សព្វថ្ងៃ នាងកំពុងសិក្សាភាសា បរទេសបន្ថែម។ ទៅថ្ងៃអនាគត ពិសី ចង់ក្លាយជាតារាចម្រៀងដែលទទួលបានការគាំទ្រពីទស្សនិកជនមួយរូប និងចង់មានអាជីពក្រៅសិល្បៈមួយ គឺបើកមុខជំនួញផ្ទាល់ខ្លួន ក្នុងទ្រង់ទ្រាយធំល្មម៕ ភីនរ៉ា