ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុង ហាវ៉ាយ សហរដ្ឋអាម៉េរិក នាចុងខែមីនានេះ ដើម្បីទៅចូលរួម កិច្ចប្រជុំ រដ្ឋមន្រ្តីការពារអាស៊ាន-អាម៉េរិកលើកទី១០ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១-៣ខែមេសា ឆ្នាំ២០១៤ ។ មន្រ្តីក្រសួងការពារជាតិ ដែលនឹងមានវត្តមានទៅចូលរួមដែរនោះ បានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ នឹងចេញពីប្រទេសកម្ពុជា នាថ្ងៃទី៣០ ខែមីនា តាមគម្រោង នាយឧត្តមសេនីយ៍ ទៀ បាញ់ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយនិងរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក Chuck Hagel ផងដែរ។
តាមកម្មវិធីដែលបានគ្រោងទុក កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិ អាស៊ាន-សហរដ្ឋអាម៉េរិកនេះនឹងលើកប្រធានបទជាច្រើនដែលទាក់ទងនឹង សន្តិសុខ ក្នុងតំបន់ ក៏ដូចជាស៊ីប៉ាស៊ីហ្វិកទាំងមូលមកធ្វើការជជែកផ្លាស់ប្តូរយោបល់គ្នា។ ហើយកិច្ចប្រជុំនេះគឺលើកទីមួយហើយដែលបានធ្វើឡើងនៅទឹកដីសហរដ្ឋអាម៉េរិកនោះ។ ទាក់ទងនឹងដំណើរបំពេញទស្សនកិច្ចនេះ យើងមិនអាចសុំការអធិប្បាយបន្ថែម ពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានទេ។ តែយ៉ាងណាក្តី បើយោងតាមគេហទំព័រ ក្នុងស្រុកមួយរបស់សហរដ្ឋអាម៉េរិកដែលមានឈ្មោះថា Star Advertiserបានឲ្យដឹងថា កិច្ចប្រជុំនេះនឹងធ្វើឡើងនៅទីក្រុង ហូណូលូលូ រដ្ឋ ហាវ៉ៃ ចំនួនបួនថ្ងៃ ដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកផ្នែក សន្តិសុខក្នុងតំបន់អាស៊ាន។
គេហទំព័រខាងលើបានបន្តថា កិច្ចប្រជុំនេះនឹងស្តីអំពីជំនួយជួយសង្រ្គោះ ផ្នែកមនុស្សធម៌ គ្រោះមហន្តរាយ និងអំពីស្ថាបត្យកម្មសន្តិសុខក្នុងតំបន់ជាដើម។ ហើយមិនតែប៉ុណ្ណោះ កិច្ចប្រជុំ ក៏នឹងលើកអំពីការពង្រឹងភាពជាដៃគូររវាងក្រសួងការពារជាតិអាស៊ាននិងសហរដ្ឋអាម៉េរិក ដើម្បីស្ថិរភាពសន្តិសុខក្នុងតំបន់អាស៊ី និងពិភពលោកទាំងមូលផងដែរ៕
ដោយ៖ ស.ស្អាត