ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិ ដើម្បីកុមារ សហការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយក្រសួងពាក់ព័ន្ធជាច្រើនទៀត ដោយទទួលបានការគាំទ្រពីដៃគូរអភិវឌ្ឍន៍នានា ដែលធ្វើការទាក់ទិនដោយផ្ទាល់ជាមួយកុមារនៅកម្ពុជា បានធ្វើការផ្សព្វផ្សាយគម្រោងស្តីពី ការលើកកម្ពស់សហគមន៍កុមារមេត្រី តាមរយៈការអភិវឌ្ឍប្រព័ន្ធការពារកុមារថ្នាក់ជាតិនៅកម្ពុជា។
តាមរបាយការណ៍របស់លោក ម៉ែន សុចិត្រ អគ្គលេខាធិការ(ក.ជ.ក)បានឲ្យដឹងថាគោលបំណងនៃគម្រោងនេះ ដើម្បីចូលរួមចំណែកក្នុងការបង្កើតប្រព័ន្ធការពារកុមារថ្នាក់ជាតិមួយ ក្នុងការធានាកុមារទាំងអស់ទទួលបានសិទ្ធិការពារពីគ្រប់ទម្រង់នៃហិង្សានៅគ្រប់ទីកន្លែង។លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថ្លែងថា គម្រោងនេះមានរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៦ ដែលមានទឹកប្រាក់សរុបចំនួន ២.២៧៨.០៣៧ ដុល្លារអាមេរិក។ ដោយឡែកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានទទួលទឹកប្រាក់ចំនួន៩១.៤៣៩ ដុល្លារអាមេរិក ដោយផ្តោតលើសកម្មភាពសំខាន់ៗចំនួន៣ គឺទី១-ការកសាងសមត្ថភាពមន្ត្រីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទី២-ការគាំទ្រដល់(ក.ជ.ក) ក្នុងការកសាងសមត្ថភាពសមាជិកថ្នាក់ក្រោមជាតិ និងទី៣-ជួយដល់(ក.ជ.ក) ក្នុងការបង្កើតផែនការសកម្មភាពជាតិ ស្តីពីអំពើហិង្សាប្រឆាំងកុមារដោយផ្តោតជាសំខាន់ទៅលើផ្នែកយេនឌ័រ និងបទដ្ឋានអប្បរមា សម្រាប់ការការពារកុមារនៅគ្រប់ផ្នែក។
តាមរយៈគម្រោងនេះលោកស្រីមានទុទិដ្ឋិនិយមថា មន្ត្រី (ក.ជ.ក) នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កាន់តែមានសមត្ថភាពខ្ពស់ក្នុងការអនុវត្តការងារពាក់ព័ន្ធនឹងកិច្ចការពារកុមារ ហើយកិច្ចសហប្រតិបត្តិការរវាង (ក.ជ.ក) ជាមួយក្រសួងស្ថាប័ន និងអង្គការពាក់ព័ន្ធកាន់តែមានភាពរឹងមាំ។ ម្យ៉ាងទៀតគម្រោងនេះ នឹងធ្វើឲ្យការអនុវត្តសិទ្ធិកុមារនៅកម្ពុជាកាន់តែល្អប្រសើរឡើង តាមរយៈការបង្កើតឲ្យមានប្រព័ន្ធការពារកុមារថ្នាក់ជាតិ ដែលជាយន្តការមួយធានាថា កុមារត្រូវបានការពារពីគ្រប់ទម្រង់នៃអំពើហិង្សា និងអំពើរំលោភបំពាន កេងប្រវ័ញ្ចផ្សេងៗ។ អង្គការភ្លែនអន្តរជាតិ (plan International) នៅកម្ពុជាឆ្នាំ២០១១ បង្ហាញថាពីការរំលោភបំពានលើកុមារដែលបានរកឃើញគឺករណីភាគច្រើនការរំលោភផ្លូវភេទលើកុមារមាន ៧២% និងក្នុងចំណោមករណីជួញដូរផ្លូវភេទមាន៧៥% កើតឡើងចំពោះកុមារពីអាយុ ១៣-១៧ឆ្នាំ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា តាមរយៈការស្វែងរកព័ត៌មានបឋមនៅខេត្តកំពង់ចាម និងខេត្តសៀមរាប ដោយ(plan International) ឆ្នាំ២០១២បង្ហាញថា ៤១% នៃកុមារនិយាយថា ទទួលការរងវាយដំពីឪពុកម្តាយ៥២.៨% នៃកុមារានិង៤៧.៦% នៃកុមារីនៅថ្នាក់ទី៤ ដល់ថ្នាក់ទី៦ និង៨៣% នៃកុមារថ្នាក់ទី១ដល់ថ្នាក់ទី៣ និយាយថាធ្លាប់ទទួលការដាក់ទណ្ឌកម្មលើរាងកាយពីគ្រូរបស់ពួកគេនៅពេលថ្មីៗនេះ។ របាយការណ៍នេះបន្តថា តាមរយៈរបាយការណ៍ពីទូរស័ព្ទជំនួយបង្ហាញថា បញ្ហាភាគច្រើនដែលទទួលបានពាក់ព័ន្ធនឹងកុមារ គឺអំពើហិង្សាក្នុងគ្រួសារ ការមិនយកចិត្តទុកដាក់ពីគ្រួសារ ការបង្ខំឲ្យរៀបការ ព្រមទាំងចំណេះដឹង ការចូលរួមរបស់កុមារ និងសហគមន៍ក្នុងការការពារនៅមានកម្រិតនៅឡើយ៕
ដោយ៖ ស.ស្អាត