លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតជីកសិកម្មអន្តរជាតិផ្កាយ៥
របស់វៀតណាម នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១២។
លោក ហ៊ុន សែន សង្ឃឹមថាបរិយាកាសបោះឆ្នោតរើសសមាជិកសភានៅថ្ងៃទី២៨ កក្កដា ខាងមុខមិនបង្កើតឲ្យមានបរិយាកាសបែកបាក់ជាតិនិងមានអំពើហិង្សារវាងប្រជាពលរដ្ឋដែលគាំទ្រគណបក្សនយោបាយខុសគ្នាឡើយ។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតថ្ងៃទី២ មេសា នៅកោះពេជ្រលោកនាយករដ្ឋមន្ត្រីបានប្រកាសឲ្យអាជ្ញា
ធរគ្រប់ជាន់ថ្នាក់បង្កលក្ខណៈល្អឲ្យគ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតក្នុងការបោះឆ្នោតឲ្យមាន
ឱកាសធ្វើសកម្មភាពនយោបាយដូចៗគ្នា៖«ខ្ញុំអំពាវនាវចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ ស្ថាប័នថ្នាក់ជាតិក៏ដូច
ជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវខិតខំរក្សាបរិយាកាសនយោបាយអព្យាក្រឹតសម្រាប់ដំណើរការនៃការ
បោះឆ្នោតទាំងមូល។ បណ្ដាបក្សនយោបាយទាំងអស់ត្រូវតែមានសេរីភាពធ្វើសកម្មភាពនៅឯមូលដ្ឋាន»។
លោក ហ៊ុន សែន បានអំពាវនាវឲ្យអាជ្ញាធរដែនដីតាមមូលដ្ឋានអនុញ្ញាតឲ្យគណបក្សនយោបាយនានាអាច
ដាក់តាំងដូចគ្នាស្លាកសញ្ញាគណបក្ស ឬរូបថតប្រធានគណបក្សនយោបាយ នៅតាមទីសាធារណៈរបស់រដ្ឋ
នៅតាមផ្លូវជាតិ ស្ពាន ជាដើម៖«សុំឲ្យអាជ្ញាធរនៅមូលដ្ឋានយកចិត្តទុកដាក់ជួយសម្រួលបង្កលក្ខណៈឲ្យបណ្ដា
បក្សនយោបាយទាំងអស់បានលើកផ្លាកគណបក្សរបស់គេ។ បើគណបក្សកាន់អំណាចលើកបានគេក៏អាច
លើកបាន។ ប៉ុន្តែបើសិនជាចំផ្ទះប្រជាពលរដ្ឋគឺត្រូវសុំប្រជាពលរដ្ឋ។ យើងនិយាយនៅទីនេះគឺគ្រាន់តែកន្លែង
សាធារណៈប៉ុណ្ណោះ ដូចជា គល់ស្ពានព្រះមុនីវង្សអីចឹងមានអ្នកយាមស្ពានច្រើនណាស់។ ដូច្នេះបើគណបក្ស
ប្រជាជនអាចយាមស្ពាននោះបានគណបក្សដទៃក៏អាចឈរយាមស្ពាននោះបានដែរ»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានប៉ូលិស ប៉េអិមទាហាន ប្រកាន់គោល
ការណ៍អព្យាក្រឹតនិងចូលរួមការពារអ្នកនយោបាយដែលចុះឃោសនាជួបជាមួយសកម្មជនគណបក្សនិងប្រជា
ពលរដ្ឋ ដើម្បីស្វែងរកសន្លឹកឆ្នោតនៅតាមខេត្ត ខណ្ឌ នានា៖«ពិតមែនហើយ ក្នុងនាមគណបក្សប្រជាជន យើង
ក៏ចង់បានសន្លឹកឆ្នោតដែរប៉ុន្តែយើងក៏មានកាតព្វកិច្ចក្នុងនាមជានាយករដ្ឋមន្ត្រីក្នុងនាមរដ្ឋាភិបាលដែលត្រូវមាន
ការទទួលខុសត្រូវលើបរិយាកាសបោះឆ្នោតអព្យាក្រឹតសន្តិសុខ សណ្ដាប់ធ្នាប់ សេរី យុត្តិធម៌ ដែលអាចប្រព្រឹត្ត
ទៅដោយសេរីនិងយុត្តិធម៌។ ហើយកុំឲ្យការបោះឆ្នោតនេះក្លាយជាការបាក់បែកជាតិ»។
លោក ហ៊ុន សែន ក៏បានហាមអាជ្ញាធរគ្រប់ជាន់ថ្នាក់កុំឲ្យរារាំងប្រជាពលរដ្ឋចូលរួមស្តាប់ការប្រជុំនយោបាយ
របស់គណបក្សនយោបាយនានានិងគំរាមប្រជាពលរដ្ឋដែលចូលរួមស្តាប់ការឃោសនារបស់គណបក្សនយោ
បាយពីព្រោះនេះជាសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ៖«គណបក្សនយោបាយមានសិទ្ធិទៅធ្វើសកម្មភាព
នយោបាយនៅគ្រប់ទីកន្លែងដែលគេចង់ទៅ។យើងមិនត្រូវរារាំងការចូលរួមរបស់ប្រជាជនដែរ។វាជាអំពើឆោត
ល្ងង់របស់គណបក្សក្នុងរដ្ឋាភិបាលបើសិនជាគំរាមកំហែងទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ»។
បើសិនជាកើតមានជម្លោះរវាងសមាជិកគណបក្សនយោបាយដែលចូលរួមគណបក្សនយោបាយខុសគ្នា លោក
ហ៊ុន សែនបានអំពាវនាវឲ្យមានការដោះស្រាយដោយសន្តិវិធី។ក្នុងករណីមិនអាចដោះស្រាយបានដោយសន្តិ
វិធីគឺមានតែការប្ដឹងទៅតុលាការតែប៉ុណ្ណោះ។
ចាប់តាំងពីក្រោយមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៦ មីនា មក លោក ហ៊ុន
សែនដែលត្រូវគណបក្សប្រកាសជាផ្លូវការថាជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបានចាប់
ផ្ដើមថ្លែងនៅក្នុងសុន្ទរកថាជាសាធារណៈរបស់លោកតាមវេទិកានានា ទាក់ទងការបោះឆ្នោតរើសសមាជិក
សភាអាណត្តិទី៥។
នៅក្នុងសេចក្តីថ្លែងជាសាធារណៈមួយចំនួន លោក ហ៊ុន សែន តែងតែចំអកឬឆ្លើយតបដោយមិនបញ្ចេញ
ឈ្មោះអ្នកនយោបាយដែលបានរិះគន់ការដឹកនាំប្រទេសរបស់លោក ក្នុងរយៈពេលជិត ៣០ឆ្នាំកន្លងមកក្នុង
ឋានៈជានាយករដ្ឋមន្ត្រី។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី២មេសា ថា ការថ្លែងរបស់លោក
ហ៊ុន សែន នោះ ជាការល្អហើយដើម្បីឲ្យបរិយាកាសបោះឆ្នោតមានភាពត្រឹមត្រូវពីព្រោះគាត់ជានាយករដ្ឋមន្ត្រី
ប៉ុន្តែសុំកុំនិយាយផ្សេងធ្វើសកម្មភាពផ្សេង៖«សុំកុំនិយាយតែមាត់។ ការបោះឆ្នោតដោយសេរីត្រឹមត្រូវ យុត្តិធម៌
នោះទាល់តែឲ្យប្រព័ន្ធផ្សព្វផ្សាយនោះឲ្យមានទាំងអស់គ្នាមិនមែនមានតែបក្សកាន់អំណាចទេ។ហើយកុំយក
តួនាទីខ្លួនជានាយករដ្ឋមន្ត្រីដើរឃោសនាអីចឹង មិនត្រូវទេពីព្រោះប្រើប្រាស់ថវិកាជាតិ ប្រើប្រាស់អង្គរក្សជាតិ
ជិះយន្តហោះជិះឡាន លុយរដ្ឋទាំងអស់ ហើយយកមកឃោសនាឲ្យខ្លួនឯង គណបក្សនោះខុសហើយ។
បើចង់ឲ្យបោះឆ្នោត សេរី និងត្រឹមត្រូវ យុត្តិធម៌សុំឲ្យធ្វើឲ្យស្មើភាពគ្នា»។
លោក កឹម សុខា បានឲ្យដឹងថា មកទល់បច្ចុប្បន្នការដាក់តាំងស្លាកសញ្ញាគណបក្សមិនទាន់មានបញ្ហាកើតមាន
ជាឧបសគ្គធំដុំនៅឡើយទេ។
ចំណែកលោក គល់ បញ្ញានាយកប្រតិបត្តិអង្គការសង្កេតការណ៍បោះឆ្នោតមួយឈ្មោះគណៈកម្មាធិការដើម្បីការ
បោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាខុមហ្រ្វែល (COMFREL) មានប្រសាសន៍ថាការថ្លែងរបស់លោក
នាយករដ្ឋមន្ត្រីនេះ ជាការល្អតែបើមានចេញជាក្រដាសលាយលក្ខណ៍អក្សរទៀតនោះ កាន់តែច្បាស់៖«បើសិន
ជាមានជាសារាចរនោះ វាល្អជាពិសេសទាក់ទងជាមួយកងកម្លាំងប្រដាប់អាវុធ។ មន្ត្រីតុលាការអាជ្ញាធរអីហ្នឹង
ឲ្យគាត់បានដឹង។ បើមានសារាចរនោះស្រណុកយើងយកមកផ្ទៀងផ្ទាត់»។
រីឯលោក អំ សំអាតមន្ត្រីអង្កេតជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ(LICADHO) មានយោបល់
ថាបើលោកនាយករដ្ឋមន្ត្រីបានលើកជាអនុសាសន៍ជាមុនដូច្នេះវាជួយការពារទង្វើមិនត្រឹមត្រូវរបស់បុគ្គលអាជ្ញាធរមូលដ្ឋានមួយចំនួន៖«ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភនោះ តើមន្ត្រីឬអាជ្ញាធរមូលដ្ឋានទាំងអស់គាត់អាច
យកប្រសាសន៍នាយករដ្ឋមន្ត្រីនោះទៅអនុវត្តន៍កម្រិតណា»។
ប្រទេសកម្ពុជា រៀបចំការបោះឆ្នោតរើសតំណាងរាស្ត្រអាណត្តិទី៥នៅថ្ងៃទី២៨ កក្កដា ខាងមុខ។ មកទល់ពេល
នេះគេមិនទាន់ដឹងថាមានគណបក្សនយោបាយចំនួនប៉ុន្មានចូលរួមប្រកួតដណ្ដើមអាសនៈចំនួន១២៣ នៅ
រដ្ឋសភាឡើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា នៅក្នុងការបោះឆ្នោត
នោះមានប្រជាពលរដ្ឋគ្រប់អាយុមានសិទ្ធិបោះឆ្នោតចំនួនជាង ៩លាននាក់៕
ប្រភព៖អាស៊ីសេរី