ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េ បានចែករំលែកបទពិសោធន៍ពីរបៀបផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់ក្រសួងកិសកម្ម កម្ពុជា ដើម្បីធានាឲ្យកសិករអាចទទួលបានព័ត៌មានពីបច្ចេកទេសកសិកម្មថ្មីៗកាន់តែទូលំទូលាយបន្ថែមទៀត សំដៅ លើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
មន្រ្តីជំនាញផ្នែកកសិកម្មទាំង២៤រាជធានី/ខេត្តមកពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានស្វែងយល់ពីរបៀបផ្សព្វផ្សាយព័ត៌មានបច្ចេកទេសកសិកម្មដ៏មានប្រសិទ្ធិភាពពីអ្នកជំនាញកសិកម្មកូរ៉េដើម្បីជំរុញឲ្យផលិតផលកសិកម្មនៅកម្ពុជាឲ្យកាន់តែរីកចំរើនថែមទៀត។វគ្គបណ្តុះបណ្តាលនេះដែរ ត្រូវបានរៀបចំឡើងបន្ទាប់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា និងកូរ៉េ បានចុះកិច្ចព្រមព្រៀងជាមួ យគ្នារួចមកដែលភាគីកូរ៉េជាអ្នកផ្ទេរចំណេះដឹងរបស់ខ្លួនមកឲ្យភាគីកម្ពុជា។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ លោកបណ្ឌិត នួន តាជីង (Kwon Taejin) ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការផ្នែកកសិកម្មមកពីប្រទេសកូរ៉េបានមានប្រសាសន៍ថា ការផ្សព្វផ្សាយព័ត៌មានពីបច្ចេកទេសកសិកម្មឲ្យដល់ដៃប្រជាកសិករជារឿងសំខាន់ណាស់ ដើម្បីឲ្យពួកគាត់កាន់តែទទួលបានព័ត៌មាននិងចំណេះ
ដឹងថ្មីៗស្តីពីបច្ចេកទេសកសិម្មសំដៅធានាឲ្យមានការអភិវឌ្ឍទៅមុខ។
លោកបញ្ជាក់ថា ប្រទេសកូរ៉េមានស្ថានភាពដូចកម្ពុជាដែរ ហើយវិស័យកសិកម្មកំពុងតែអភិវឌ្ឍទៅមុខដែលបាន
រួមចំណែកធ្វើឲ្យប្រទេសជាតិមានការរីកចំរើន ដូច្នេះរដ្ឋាភិបាលកូរ៉េចាំបាច់ណាស់ត្រូវចែករំលែកនៃភាពជោគជ័យ ទាំងនេះដល់កម្ពុជា ដែលជាប្រទេសប្រកបដោយសក្តានុពលផ្នែកកសិកម្ម ប៉ុន្តែការអភិវឌ្ឍនៅមាន កម្រិតនៅឡើយ។លោក សេន សុវណ្ណ អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា នេះជាយន្តការមួយដ៏ល្អស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអណត្តិទី៥នេះដែលយកចិត្តទុកដាក់លើវិស័យកសិកម្មជាចម្បងហើយក្នុងនោះការងារផ្សព្វផ្សាយ និងអភិវឌ្ឍធនធាន មនុស្សជាកម្មវិធីដ៏មានអាទិភាព។
លោកបន្ថែមថា សព្វថ្ងៃនេះក្រសួងក៏មានមធ្យោបាយជាច្រើន ក្នុងផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មដល់ប្រជាកសិករដែរ ហើយនាពេលនេះ កម្ពុជានឹងទទួលបាន បច្ចេកទេសផ្សព្វផ្សាយកាន់តែទំនើបពីកូរ៉េបន្ថែមទៀតក៏ដោយ ប៉ុន្តែនមិនអាចដើរចេញពីបរិបទនឹងស្ថានភាពសង្គមសេដ្ឋកិច្ចជនបទរបស់កម្ពុជាឡើយ។អនុប្រធាននាយកដ្ឋាសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកព្រហ្ម សុមានី បានបញ្ជាក់ថា ក្រៅពីការបណ្តុះបណ្តាលដល់មន្រ្តីជំនាញតាមខេត្តនេះ កម្ពុជាក៏បានស្នើឲ្យភាគីកូរ៉េជួយផ្តល់បចេ្ចកទេសក្នុងការផ្តល់ព័ត៌មានជាសំលេងឬអក្សរតាមរយៈទូរសព្ទ័ដៃផងដែរ ដើម្បីឲ្យប្រជាកសិករមានលក្ខណៈងាយស្រួលក្នុងការទទួលបានព័ត៌មានទាំងនេះ។
លោកអះអាងដែរថានេះនឹងក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធិភាពជាងមធ្យោបាយផ្សេងៗទៀតទោះប្រជាកសិករ នោះពុំចេះអក្សរ ឬមានទូរសព្ទ័ក្នុងតម្លៃថោកក៏ដោយក៍អាចទទួលបានព័ត៌មានទាំងនេះដែរ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ហើយវាស្ថិតក្រោមគ្រោងការប៊ិចដែលបានអនុវត្តនៅក្នុងប្រទេសចំនួន៤ ក្នុងនោះមានកម្ពុជា ឡាវ មីយ៉ាន់មា និងប្រទេសអេព្យូពី៕ ដោយ៖មករា