ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្នុងព្រះបរមរាជវាំងមួយចំនួនបញ្ចេញ ប្រតិកម្ម ចំពោះ ការស្នើណាមួយពីក្រុមបញ្ញវន្ត និងអ្នកនយោបាយចូលនិវត្តន៍ អោយព្រះមហាក្សត្រ និងសម្តេចម៉ែ ចូលព្រះកាយពាក់ព័ន្ធនឹងការដោះស្រាយទំនាស់នយោបាយកម្ពុជានាបច្ចុប្បន្ននេះ។
ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានរបស់សម្តេចព្រះមហាក្សត្រីមុនីនាថ សីហនុ លោកអ៊ុំ ដារ៉ាវុធ បានថ្លែងឲ្យដឹងកាលព្រឹកថ្ងៃទី២១ មករា ថា ព្រះមហាក្សត្រគឺជានិម្មិតរូបនៃឯកភាពជាតិ និរន្តរភាព ស្ថេរភាព នយោបាយ និងបូរណភាពទឹកដីដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា៨។
ប្រតិកម្មនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកនាយកដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃសៅរ៍បានបង្ហើបអំពីការផ្តល់យោបល់ដើម្បីដោះស្រាយទំនាស់ នយោបាយនេះ។ បើតាមលោកនាយករដ្ឋមន្ត្រី អ្នកផ្តល់គំនិតដែលបានសរសរជាភាសាអង់គ្លេសផងនោះបានបង្ហាញសេណារីយ៉ូ៣។
លោក អ៊ុំ ដារ៉ាវុធ និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនបានបញ្ចេញអត្តសញ្ញាណក្រុមអ្នកនយោបាយចូលនិវត្តន៍នោះឡើយ។ ប៉ុន្តែសម្រាប់លោកអ៊ុំ ដារ៉ាវុធ ការផ្តល់យោបល់បែបនេះ មានតែការបន្តុះបង្អាប់ និងធ្វើអោយប៉ះពាល់ដល់ព្រះកិត្តិនាមរបស់អង្គសម្តេចម៉ែ និងអង្គព្រះមហាក្សត្រតែប៉ុណ្ណោះ។
គួររំលឹកថា ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន សែន នៅក្នុងវេទិកាសម្ពោធភូមិកុមារ SOS ក្នុងខេត្តក្រចេះនោះ បានអត្ថាធិប្បាយជាទូទៅស្នើដល់រាល់សង្គមស៊ីវិលនានា និងអ្នកផ្តល់យោបល់ទាំងឡាយមិនអោយរំលងរដ្ឋធម្មនុញ្ញ រាល់យន្តការដោះស្រាយទំនាស់នយោបាយដែលពួកគេចង់ផ្តល់ជាគំនិតនោះ៕
ដោយ៖ ភីនរ៉ា