ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានសរសេរលិខិតទៅថ្វាយព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានព្រះបរម រាជតម្រិះការសំរបសំរួលឬការចរចានយោបាយ រវាងគណបក្សនយោបាយទាំងពីរ ដែលកំពុង តែថ្នាំងថ្នាក់ជាមួយគ្នាក្នុងពេលបច្ចុប្បន្ននេះ។
នៅក្នុងលិខិតចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ឡាយព្រហស្ដលេខា ដោយសម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបានឲ្យដឹងថា នៅក្នុងកាលៈទេសៈនៃអាយុជីវិតជាតិនេះ មានតែព្រះបរមរាជតម្រិះរបស់ព្រះមហាក្សត្រ ជាទីសក្ការៈនៃប្រជានុរាស្ត្រ កូនចៅទាំងអស់គ្នាទេ ទើបអាចធ្វើឲ្យមានការសំរបសំរួល ឬការចរចានយោបាយ សំរាប់រក្សាបាននូវស្ថិរភាពនិង សន្តិភាពជាតិ កត្តាចំបងនៃសាមគ្គីជាតិ និងឯកភាពជាតិខ្មែរ ដែលមានព្រះករុណាព្រះមហាក្សត្រ កំពុងគង់ជានិមិត្តរូបនិងជាម្លប់ដ៏ត្រជាក់ សម្រាប់ ជាតិទាំងមូល។លោក ញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ គណបក្សហ៊្វុនស៊ិនប៉ិច មាន ប្រសាសន៍ថា លិខិតនេះ គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ជូនទៅព្រះបរមរាជវាំងហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេ តែលិខិតនោះបានទូលថ្វាយព្រះករុណាហើយ។
លោកបន្តថា លិខិតធ្វើឡើងដើម្បីឲ្យស្ថានការណ៍នយោបាយ នៅក្នុងប្រទេស មានភាពធូរ ស្រាលបន្តិច បន្ទាប់ពីមានការបាញ់សម្លាប់នាពេលកន្លងមក ។ ដូច្នេះយើងសូមអំពាវនាវឲ្យ គណបក្សទាំងពីរ ត្រូវចូលរួមការចរចាជាចាំបាច់ ដើម្បីបញ្ចប់បញ្ហានៅសេសសល់។កន្លងមកអ្នកវិភាគមួយចំនួនក៏ធ្លាប់បានដាក់លិខិតសូមព្រះរាជអន្តរាគមន៍ ពីព្រះមហាក្សត្រផងដែរ ឲ្យព្រះអង្គជួយដោះស្រាយបញ្ហាសេសសល់ រវាងគណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ចំណែកលោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងសវនកម្មជាតិនៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ ស្វាគមន៍ចំពោះលិខិតរបស់ គណបក្សហ៊្វុនស៊ិនប៉ិច ថ្វាយព្រះមហាក្សត្រ ឲ្យជួយដោះស្រាយបញ្ហានយោបាយនេះ ដើម្បីសុខសន្តិភាព ប៉ុន្តែ អាស្រ័យទៅលើព្រះរាជាសិទ្ធិ របស់ព្រះមហាក្សត្រទៅវិញទេ។
លោកបន្តថា ជំហររបស់គណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរនៃការចរចាជារឿងចំបង ព្រោះអីកន្លងមកគេ (គណបក្សសង្គ្រោះជាតិ) មិន ដែលអនុវត្តតាមរដ្ឋធម្មនុញ្ញ និងការអំពាវនាវរបស់ព្រះមហាក្សត្រនោះទេ។ជាមួយគ្នានេះដែរ លោក យ៉ែម បុញ្ញាឫទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ទាំងគណបក្ស ហ៊្វុនស៊ិនប៉ិច ក៏ដូចជាសង្គមស៊ីវិល មានគំនិតយាង ព្រះមហាក្សត្រ ព្រះរាជអន្តរាគមន៍ ដោះស្រាយបញ្ហានយោបាយ ជាគំនិតមួយដ៏ល្អត្រឹមត្រូវ អាចយកមកពិចារណាបានព្រោះបើយោងទៅលើរដ្ឋធម្មនុញ្ញ ព្រះអង្គមានភារកិច្ចដោះស្រាយបញ្ហាធំៗ សម្រាប់ប្រទេសជាតិ ក្នុងគ្រាមានកង្វល់ ឬមានទុក្ខលំបាក ៕
ដោយ៖ ស.ស្អាត