ក្រចេះ ៖ ប្រជាពលរដ្ឋនាំគ្នារិះគន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះថា មិនហ៊ានចុះបង្រាបទីតាំងសិប្បកម្មកែច្នៃឈើប្រណីតចំនួន៣កន្លែង ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើទោះជាមានគេរាយការណ៍មកថា អាជីវកម្មទាំងនោះគ្មានច្បាប់អនុញ្ញាតិ ហើយកំពុងធ្វើអាជីកម្មដោយរលូនយ៉ាងណាក៏ដោយ ក៏ពុំមានការរំខានពីសំណាក់សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ឬ អាជ្ញាធរដែនដីដែលគ្រប់គ្រងនៅតំបន់នោះឡើយ។ប្រជាពលរដ្ឋបានបង្ហាញទៀតថា ទីតាំងសិប្បកម្មទាំង៣កន្លែងដែលកំពុងសម្ងំលាក់ខ្លួនលួចធ្វើអាជីវកម្ម មាននៅភូមិចង្ហប១កន្លែង និង២កន្លែងទៀតនៅចំណុចស្រែស្បូវ ច្រកផ្លូវចូលទៅឃុំរលួស ដែលទីតាំងសិប្បកម្មទាំងនោះ គឺស្ថិតក្នុងសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ក្នុងដែនសមត្ថកិច្ច លោកសេង ស៊ីតារុណ នាយសង្កាត់ព្រៃឈើគ្រប់គ្រងនៅតំបន់នោះ ។
ប្រភពខាងលើបានឲ្យដឹងទៀតថា ការបើកសិប្បកម្មទាំងនោះគ្មានច្បាប់ តែអាចដំណើរការ ទៅបានដោយរលូនថែមទាំងមិនញញើតចំពោះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើឡើយ ឬ អាចនិយាយបានថាមន្រ្តីពាក់ព័ន្ធនៅទីនោះមិនហ៊ានបង្រ្កាប ព្រោះតែម្ចាស់សិប្បកម្មពូកែទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធ ដែកគេស្គាល់ថាម្ចាស់ឈ្មោះ តារ៉ៃ ជាម្ចាស់ នឹងម្នាក់ទៀតគឺជាមន្ត្រីយោធា និងមានមន្រ្តីអន្រ្ទើសផ្សេងទៀតនៅពីក្រោយខ្នង ទើបមានការឃុបឃិតបើកដៃជាចំហរពីសំណាក់មន្ត្រីជំនាញបែបនេះ តែបើប្រជាពលរដ្ឋកំប៉ិចកំប៉ុករកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃវិញប្រហែលជាមិនអាចគេចរួចពីកណ្តាប់ដៃរបស់មន្រ្តីជំនាញទាំងនោះឡើយ។ពលរដ្ឋដែលមានទីតាំងនៅក្បែរនោះបង្ហើបទៀតថា សិប្បកម្មទាំង៣កន្លែងនោះ បានបើកធ្វើអាជីវកម្មរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏មានទ្រង់ទ្រាយធំផស់គេដែរ គេមិនដែលឃើញមានការបង្រ្កាបទប់ស្កាត់ ពីក្រុមសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើម្តងណាឡើយ។ ផ្ទុយទៅវិញទីតាំងសិប្បកម្មខាងលើនេះ កំពុងតែបើកធ្វើសកម្មភាព កាន់តែធំទៅៗពីទីបីដង ដែលមានឈើប្រណីតៗរាប់សិបម៉ែត្រគូបផ្ទុកនៅក្នុងនោះ ដើម្បីអារជ្រៀកកែច្នៃរួចនិងធ្វើការដឹកជញ្ជូនចេញតាមរយៈរថយន្តសាំយ៉ុងរបស់គេជារៀងរាល់ថ្ងៃ ។
ពួកគាត់បានបង្ហាញទៀតថា ឈើដែលដឹកចូលសិប្បកម្មទាំងនោះភាគច្រើនពីក្រុមឈ្មួញខិលខូចបានចូលទៅកាប់ក្នុងព្រៃសហគមន៍ ដែលជាកន្លែងតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃ មួយក្នុងស្រុកសំបូរ ហើយកាប់និងដឹកចេញពីព្រៃក្នុងតំបន់អភិរក្សខាងលើនោះ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើនៅក្នុងសហគមន៍របស់ពួកគាត់។សូមបញ្ជាក់ថា ទាក់ទិននឹងសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋខាងលើនេះភ្នាក់ងារយើង នៅរសៀលថ្ងៃម្សិលម៉ិញនេះមិនអាចសុំការទំនាក់ទំនងបំភ្លឺពី លោក សេង ស៊ីតារុណ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់បាននោះឡើយ៕ ដោយ៖ ស.ស្អាត