ភ្នំពេញ៖ កម្ពុជាពិតជាត្រូវការនូវវិស័យអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រកបទៅដោយស្តង់ដាអន្តរជាតិ ដើម្បីធ្វើការអភិវឌ្ឍន៍នូវវិស័យអប់រំទាំងរដ្ឋនិងឯកជន។
ឯ.ឧ ណាត ប៉ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៏ក្នុងពិធីប្រគល់វិញ្ញាបនប័ត្រ និងរង្វាន់ជ័យលាភីលើកទី២០ ដល់សិស្សា នុ សិស្សសាលាទី១អន្តរជាតិកម្ពុជាអាមេរិកាំងថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ទាំងផ្នែកបរិមាណនិងការកែលម្អគុណភាពអប់រំ ដើម្បីផ្តល់ឲ្យសិស្ស និស្សិត នូវចំណេះដឹង និងកាលានុវត្តភាពក្នុងការទទួលបានមុខជំនាញផ្សេងៗ សម្រាប់អនាគតដ៏ប្រសើររបស់សិស្ស និស្សិតខ្លួនឯងផងនិងរបស់ប្រទេសជាតិផង។ឯ/ឧបានបញ្ចាក់ថា រាជរដ្ឋាភិបាលខិតខំបង្កលក្ខណៈសម្បត្តិ និងបង្កើនលទ្ធភាពឲ្យប្រជាពលរដ្ឋទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយសមធម៌ ទៅតាមទិសដៅការអប់រំទាំងអស់គ្នា ពិសេស មានឱកាសទទួលបាននូវការអប់រំជាមូលដ្ឋានរយៈពេល៩ឆ្នាំ ដែលជាកត្តាដ៏មានសារៈសំខាន់មួយ ជួយលើកស្ទួយដល់គ្រួសារក្រីក្រឲ្យឆ្លងផុតពីគំនាបនៃភាពក្រីក្រ និងរស់នៅប្រកបដោយសុខុមាលភាពនៅក្នុងសង្គម។ លទ្ធផលថ្ងៃនេះមិនមែនត្រឹមតែជាជោគជ័យរបស់ក្មួយៗផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់អំពីជោគជ័យក្នុងវិស័យអប់រំជាតិទាំងមូលផងដែរ ព្រោះថា ជោគជ័យរបស់ក្មួយៗពិតជាបានរួមចំណែកដល់ការបង្កើននូវបរិមាណ និងគុណភាពធនធានមនុស្ស។
ឯ/ឧបានជឿជាក់ថា ជ័យលាភីទាំងអស់គឺជាបញ្ញាជនប្រកបដោយជំនាញ ចំណេះដឹង និងចំណេះធ្វើ ព្រមទាំងមានការទទួលខុសត្រូវ សីលធម៌ល្អប្រពៃ និងវិចារណញ្ញាណស្នេហាជាតិដ៏ពិតប្រាកដ ដែលជាកម្លាំងស្នូលសម្រាប់បុព្វហេតុអភិវឌ្ឍន៍សង្គមជាតិយើង។
ដោយ៖ អភិរក្ស