ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិ រៀបចំផែនការសកម្មភាពសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០១៤-២០១៨ កាលពីព្រឹកថ្ងៃទី៣០ ខែតុលានេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអះអាងថា ពាក់ព័ន្ធទៅនឹងទំហំនៃការខូចខាតនេះមិនធ្វើឲ្យ ប៉ះពាល់ដល់ការផែនការនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ។
លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បន្តរអះអាងទៀតថា កាលពីឆ្នាំ២០១១កន្លងមក ដំណាំស្រូវប៉ះពាល់ ដោយគ្រោះ ទឹកជំនន់ ជាង៤សែនហិចតាខូចខាតទាំងស្រុងជាង២សែន៥ម៉ឺនហិចតា តែប្រជាជនក្រោយពីទឹកស្រក ចុះលោកបានខិតខំស្តារពីការ ខូចខាតឡើងវិញរហូតបានលើសផែនការដូច្នេះឆ្នាំនេះដំណាំដូចយើងមើលឃើញស្រាប់ហើយនៅខេត្តព្រៃវែងមួយស្រូវខូចអស់ ជាង១ម៉ឺន៥ពាន់ហិចតា ប៉ុន្តែគ្រាន់ តែក្នុង រយៈពេលតែ២សប្តាហ៍មកនេះប្រជាជនបានខិតខំប្រឹងប្រែងស្តារឡើងវិញបានជាង ៥ពាន់ហិចតារួចហើយ។ ទោះបីគ្រោះ ទឹក ជំនន់បំផ្លាញដំណាំស្រូវរបស់យើងអស់ជាង ១សែនហិតា តែមិនបណ្តាល ឲ្យប៉ះពាល់ ដល់ផែនការនាំចេញអង្ករកម្ពុជានោះទេ។លោកទេសរដ្ឋមន្ត្រីក៏បានឲ្យដឹងទៀតដែរថា ខណៈនេះ ទឹកជំនន់បាន ស្រកអស់ហើយ នៅសល់ បន្តិចបន្តួចតាមខេត្ត ទំនាបៗមួយ ចំនួនដូចជា៖ ខេត្តព្រៃវែង កណ្តាល និងតាមឃុំមួយចំនួននៅជាប់បឹងទន្លេសាប ។
រីឯការសង្គ្រោះមកដល់ពេលនេះយើងបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះបានជាង១៤ម៉ឺនគ្រួសារហើយដែរ។
ដោយឡែក ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា គឺលោកឧកញ៉ា គីម សាវុធ បានវាយតម្លៃពី ការខូចខាងដំណាំ ស្រូវនៅ កម្ពុជាថា ការខូចខាតដំណំាស្រូវជាង ១១ម៉ឺនហិកតា ដោយទឹកជំនន់ ដែលបង្ហាញដោយក្រសួងកសិកម្ម មិនប៉ះពាល់ដល់ ការផ្គត់ផ្គងក្នុងស្រុកលើសតម្រូវការ ឬការនាំចេញអង្កររបស់កម្ពុជានៅឆ្នាំ២០១៤ទេ។លោកបន្តថា ដើម្បី ធានា ដល់ការនាំចេញ អង្ករ របស់កម្ពុជា ប្រកបដោយចីរភាពប្រជាពលរដ្ឋ គួរតែផ្លាស់ប្ដូរបច្ចេកទេសធ្វើស្រូវ និងព្យាយាមជ្រើសពូជស្រូវណាដែរល្អ ហើយសមស្របទៅនឹង អាកាសធាតុ ដើម្បីគុណភាពអង្កររបស់កម្ពុជា។យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ដែល ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែតុលា បានឲ្យដឹងថា ទឹកជំនន់ទន្លេមេគង្គទឹកជំនន់នៅឆ្នាំ២០១៣នេះ បានបំផ្លាញដំណាំស្រូវ ១១៣.២៦០ ហិកតា ស្មើរនឹង ៤,៤ ភាគរយលើផ្ទៃដីដាំស្រូវសរុប ២,៥៦ លានហិកតា។ ទឹកជំនន់បានប៉ះពាល់ ដល់ផ្ទៃដីដាំ ស្រូវចំនួន៣៦៩.៣៤៦ហិកតា។ បើតាមតួលេខបានបង្ហាញថា ១១៣,២៦០ ហិចតាត្រូវ បានបំផ្លាញ៕ ដោយ៖ មករា