អ្នកនាង ពេជ្រ ច័ន្ទបូរមី បានស្នើសុំមិត្តភ័ក្ដិរបស់នាងដែលជាតារាសិល្បៈទាំងថ្មីទាំងចាស់រួមទាំងមិត្តភ័ក្ដិដែលបានស្គាល់នាងថា គប្បីកុំឲ្យហៅអ្នកនាងលោកជំទាវនោះទេ គឺហៅត្រឹមថា បូរមីប ឬអាមីៗបានហើយ ។ មិនតែប៉ុន្តែអ្នកនាងថែមទាំងបង្ហាញកាយវិការទន់ភ្លន់ ចំពោះមុខមិត្តភ័ក្ត្រចាស់ជាតារាសិល្បៈ ដោយមិនប្រកាន់ខ្លួនគួរឲ្យសរសើរ ។
ក្នុងពិធីអាពាហ៍ពិពាហ៍របស់អ្នកនាងគង់ សុជាតិ និងលោកជា វិបុល អ្នកនាងពេជ្រ ច័ន្ទបូរមី មិនសប្បាយចិត្តចំពោះការហៅអ្នកនាងថា លោកជំទាវ ពោលគឺសូម្បីតែក្នុងវេទិកាសិល្បៈផ្សេងៗ ក៏អ្នកនាងប្រាប់មិនឲ្យអ្នកសិល្បៈហៅអ្នកនាងនូវគោរមងារបែបនេះដែរ ។ ការច្រានចោលនេះ ជាកាយវិការមួយពិសេសដែល ដែលបង្ហាញថា អ្នកនាងជាតារាមិនភ្លេងកំណើតដើម និង មិនមានការរើសអើង ចំពោះតារាសិល្បៈជាមិត្តចាស់ បើទោះជាអ្នកនាងកំពុងស្ថិតនៅលើវណ្ណៈមួយដែលខ្ពស់ផុតគេ ។ នៅក្នុងសង្គមសិល្បៈខ្មែរ មិនមែនមានតែពេជ្រ ច័ន្ទបូរមី ម្នាក់ទេ ដែលមានឋានៈជាលោកជំទាវ ពោលគឺសូម្បីតែអតីតតារាបាត់មុខមួយចំនួនផ្សេងទៀត ក៏បានឋានៈជាលោកជំទាវ តាមតំណែងរបស់ស្វាមីបែបនេះដែរ ដោយគ្រាន់តែខ្លះ មិនមានឋានៈពេញមុខ និងស្របច្បាប់ដូចអ្នកនាងពេជ្រ ច័ន្ទបូរមី តែប៉ុណ្ណោះ ។
ក្រុមតារាជាច្រើន ដែលជួបប្រាស្រ័យទាក់ទងជាមួយអ្នកនាងពេជ្រ ច័ន្ទបូរមី ថ្លែងថា អ្នកនាងមិនសប្បាយចិត្តឡើយ ប្រសិនបើតារារួមជំនាន់ និងក្រោយជំនាន់ ដែលអ្នកនាងជួបមុខក្នុងពិធីតារាសិល្បៈ ហៅអ្នកនាងថាលោកជំទាវ ។ អ្នកនាងបានថ្លែងបែបនេះ ទៅកាន់មិត្តចាស់ៗនៅក្នុងពិធីមង្គលការរបស់អ្នកនាង គង់ សុជាតិ ដែលការហ៊ាមប្រាមនេះ ក៏ធ្លាប់ ត្រូវគេ និយាយថា បានឮផងដែរ ក្នុងពេលដែលអ្នកនាងបង្ហាញមុខមុនៗ ។ អ្នកនាងហាក់ពេញចិត្តឲ្យតារាដែលជួបអ្នកនាងប្រើពាក្យថា អ្នកនាង បងស្រី ប្អូនស្រី ឬមីអូន ដែលមានន័យបែបស្និទ្ធស្នាល ជំនួសឲ្យពាក្យលោកជំទាវច្រើនជាង ។ អ្នកនាងបានប្រាប់ទៅកាន់មិត្តភ័ក្ដិស្ទើរគ្រប់គ្នា កុំឲ្យហៅអ្នកនាងថា លោកជំទាវ ដោយលើកលែងតែក្នុងវេទិកាចម្រុះដោយមន្ត្រីធំៗ ដែលអមដំណើរដោយស្វាមីរបស់អ្នកនាងនោះតែប៉ុណ្ណោះ ដែលគេឃើញអ្នកនាង ញញឹមនឹងការប្រើពាក្យនេះ ទៅកាន់អ្នកនាង នៅក្នុងជំនួបធំៗ ។
អ្នកនាងពេជ្រ ច័ន្ទបូរមី គឺជាប្អូនស្រីរបស់អតីតតារាចម្រៀង និងជាអតីតតារាសម្ដែងនាងពេជ្រ សោភ័ណ្ឌ ដែលកាលនោះ ត្រូវបានស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់ស្វាមីយ៉ាងអាណោចអាធ័ម ព្រោះតែភ្លើងប្រច័ណ្ឌរបស់ស្វាមី ។ អ្នកនាងបានក្លាយជាតួល្បីតែម្ដង បន្ទាប់ពីបងស្រី ត្រូវបានស្លាប់ ដែលកាលនោះមរណភាពអ្នកនាងពេជ្រ សោភ័ណ្ឌ បានក្លាយជាដំណឹងយ៉ាងសុះសាយនៅតាមបណ្ដាញសារព័ត៌មាន។
គួរំលឹកដែរថា ពេជ្រច័ន្ទបូរមី បានប្រឡូកក្នុងសិល្បៈ នៅចុងទសវត្សឆ្នាំ១៩៩០។ អ្នកនាងចាប់ផ្តើមមានឈ្មោះបោះសំឡេងល្បីរន្ទឺ បន្ទាប់ពីចូលរួមសម្តែងរឿង“កូនពស់កេងកង”។ភាពល្បីល្បាញមួយប្រានាខណៈនោះ បានធ្វើឱ្យពេជ្រ ច័ន្ទបូរមី ត្រូវគេឡោមព័ទ្ធសុំស្នេហ៍ រហូតបង្ខំឱ្យអ្នកនាងសម្ងំលាក់ខ្លួនមួយរយៈ ដើម្បីគេចពីស្នេហាដែលអ្នកនាងមិនប្រាថ្នានោះ។
នាដើមទសវត្សឆ្នាំ២០០០ អ្នកនាងបូរមីបានជ្រើសយកមន្ត្រីប៉ូលិសម្នាក់ធ្វើជាស្វាមី ដែលអ្នកនាងជឿថា អាចក្លាយទៅជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួន។ ស្វាមីរបស់អ្នកនាង គឺជាអតីតស្វាមីរបស់តារាសម្តែងជើងចាស់ដែលមានកូនប្រុសស្រីចំនួន៣នាក់។ យោងតាមព័ត៌មានផ្តល់ដោយអ្នកសិល្បៈដែលស្និទ្ធស្នាលនឹងពេជ្រ ច័ន្ទបូរមី បានឱ្យដឹងថា ស្វាមីរបស់បូរមី មិនបានបោះបង់កូនប្រុសៗនោះទេ ហើយបានជួយឧបត្ថម្ភដល់កូនៗ រហូតបានសិក្សាជ្រៅជ្រះ និងផ្តល់- រថយន្តទំនើបឱ្យជិះទៀតផង។ថ្វីដ្បិតតែអ្នកនាងមិនមានដំណឹងរៀបការ ប៉ុន្តែអ្នកនាងកំពុងសោយសុខក្នុងឋានៈជាជំទាវពេញសិទ្ធិយ៉ាងគួរឲ្យសរសើរ៕ ដោយ ៖ មករា