ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុនស្នងការនគរបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ បានដឹកនាំកំលាំងនគរបាលចំនួន៤០០នាក់ ទៅចូលរួមធ្វើសកម្មភាពច្រកបាវខ្សាច់ ដើម្បីលើកជាទំនប់ទប់ស្កាត់ទឹកជំនន់ នៅចំណុចជួរមាត់ទន្លេមេគង្គ ស្ថិតក្នុងទីរួមខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុន បានមានប្រសាសន៍ថា ក្នុងសកម្មភាពដ៍សស្រាក់សស្រាំនេះ យើងកត់សំគាល់ឃើញមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ អាជ្ញាធរដែនដី ដែលមាន៖ ថ្នាក់អភិបាលខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការចំណុះមន្ទីរ និងអង្គភាពពាក់ពន្ធ័ផ្សេងៗទៀតផងដែរ។
នៅក្នុងខេត្តកំពង់ចាម ទឹកទន្លេមេគង្គក្នុងសប្តាហ៍នេះ បានជនឡើងខ្លាំងគួរឲ្យកត់សម្គាល់ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ទឹកមានកំពស់១៥,៧៦ម៉ែត្រ ដែលជាចំណុចកំពស់ត្រូវប្រកាសអាសន្ន។
ដើម្បីឆ្លើយតបទៅនឹងផែនការការពារគ្រោះមហន្តរាយទឹកជំនន់ លោកឧត្តមសេនីយ៍ឆាយ គឹមសុន បានធ្វើការប្រមូលផ្តុំត្រៀមកំលាំងនៅស្នងការដ្ឋាននគរបាលខេត្ត និងគ្រប់អធិការដ្ឋាននគរបាលស្រុក-ក្រុង ជាប់ដងទន្លេមេគង្គ ដើម្បីត្រៀមលក្ខណៈទប់ស្កាត់ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៣នេះ ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ស្លាប់បាត់បង់ជីវិតមានចំនួន១៤នាក់ គិតពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។ ដោយ៖ អភិរក្ស