ភ្នំពេញ ៖ វប្បធម៌នៃការយកចិញ្ចើមផ្លូវសាធារណៈសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ មកធ្វើអាជីវកម្មផ្ញើរ កង់ ម៉ូតូ ឡាន សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនបាននឹងកំពុងពេញនិយមនិងកើតមានឡើងតតាមគ្នាក្នុងទីក្រុងភ្នំពេញ បង្ករឲ្យគ្រោះថ្នាក់ និងការកកស្ទះចរាចរស្ទើរៀងរាល់ថ្ងៃ។
ជាក់ស្តែងនិយាយជារួម គេឃើញនៅជុំវិញផ្សារ សាលារៀនឯកជន ក្រុមហ៊ុនមួយចំនួន ក្នុងរាជធានីភ្នំពេញ និងនិយាយដោយឡែកសាលារៀនភាសារចិនមួយកន្លែងឈ្មោះ ទួនហ្វា ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ខណ្ឌចំការមន កំពុងតែធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះនិងអ្នកធ្វើដំណើរតាមកំណាត់ផ្លូវលេខ៣១០ រអ៊ូរទាំពីភាពកកស្ទះស្ទើរមិនរលោះម៉ោងនេះ។
ប្រជាពលរដ្ឋដែលមានលំនៅឋាននៅក្បែរៗនោះនិងអ្នកធ្វើដំណើរតាមកំណាត់ផ្លូវនោះបាននិយាយថា កំណាត់ផ្លូវលេខ៣១០ត្រង់ចំណុចសាលារៀនចិនទួនហ្វានោះ គឺមានការកកស្ទះចរាចរជារៀងរាល់ថ្ងៃ ដោយមួយថ្ងៃស្ទះរហូតដល់ទៅ៣ដងឯណោះ ពោលគឺពីម៉ោង៧ព្រឹកម៉ោង១១ថ្ងៃត្រង់និងម៉ោង៤រសៀលគេតែងតែឃើញមានការកកស្ទះជាប្រចាំ។
បើទោះជាមានការកកស្ទះ ឬបង្ករគ្រោះថ្នាក់ក៏ដោយក៏គេមិនដែលឃើញអាជ្ញាធរមូលដ្ឋានណាចេញមុខមកអន្តរាគមន៏ឬហាមឃាត់កុំឲ្យធ្វើអាជីវកម្មនេះដែរ ។ មួយវិញទៀតគេក៏នាំគ្នាឆ្ងល់ថា ហេតុអីបានជាស្ថាប័នឯកជនមានអំណាចអាចច្បាមយកចិញ្ចើមផ្លូវសាធារណៈធ្វើជាអាជីវកម្មហើយបានជាអាជ្ញាធរមិនហានលូកដៃ?ឬមួយថ្នាក់លើរបស់គាត់ដាក់ខែជាមួយសាលាឯកជនទាំង ដោយមិនគិតពីគ្រោះថ្នាក់ចំពោះអ្នកដំណើរ និងការកកស្ទះចរាចរដែលអាជ្ញាធរក្រុង ក៏ដូចជារាជរដ្ឋាភិបាលកំពុងព្រួយបារម្ភ និងរិះរក វិធីកាត់បន្ថយនោះ។
សូមបញ្ជាក់ថា រយៈពេលកន្លងមកសាលារាជធានីភ្នំពេញតែងតែចេញនូវសេចក្តីប្រកាសដូនដំណឹង ក៏ដូចជាការអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញកុំធ្វើអាជីវកម្មលើចិញ្ចើមផ្លូវសាធារណៈ ឬ ទីសាធារណៈផ្សេងៗដែលបង្ករឲ្យមានការកកស្ទះចរាចរ និងប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកថ្មើជើងជាតិ និងអន្តរជាតិ ដែលមកទស្សនា។ ម៉្យាងវិញទៀតកុំធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ បាត់បង់សោភណ្ឌភាព នៅរាជធានីភ្នំពេញ។ ចំពោះបញ្ហានេះយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរដែនដីបាននៅឡើយទេក្នុងថ្ងៃដដែលនេះ យើងនឹងព្យាយាមសុំការបំភ្លឺស្ថាប័នជំនាញផ្នែកសាធារណៈនេះ៕
ដោយ ៖ សស្អាត