ភ្នំពេញ ៖ ដើម្បីឈានទៅរកភាពជោគជ័យរបស់យុវជនត្រូវមានកត្តាមូលដ្ឋានជាច្រើន តាមរយៈ ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍ ធនធានមនុស្ស ក្នុងឆ្នាំកន្លងទៅគេបានមើលឃើញថា នៅប្រទេសកម្ពុជា មាននិស្សិតជាច្រើនខ្វះខាតនូវភាពក្លាហាន ក្នុងការនិយាយជាសាធារណៈ ការបញ្ចេញមតិ ការតស៊ូមតិ សមត្ថភាពធ្វើការងារជាក្រុម ។ ដើម្បីដោះស្រាយបញ្ហានេះក្លឹបយុវជនឆ្នើម Outstanding Youth Club បានផ្តល់ឱកាស ដល់យុវជន និស្សិតឲ្យចូលជាសមាជិកដោយមិនគិតកម្រៃដើម្បីបង្កើនសមត្ថភាព និងពង្រីកសេចក្តីក្លាហាន។
ដោយទទួលបានការសហការនិងគាំទ្រយ៉ាងខ្លាំងពីសាកលវិទ្យាល័យWOCESSTERប្រទេសអង់គ្លេស ។ និស្សិតOutstanding Youth Club ដែលបានចូលជាសមាជិកត្រូវទទួលបានការបណ្តុះបណ្តាលនិង បង្វឹកជាច្រើនជំនាញ ជាមួយសាស្រ្តាចារ្យដែលមានជំនាញឯកទេសច្បាស់លាស់ បណ្តំបណ្តាលលើសិល្បៈ នៃការនិយាយជាសាធារណៈជាមួយមហាជន ,ការលុបបំបាត់ភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ ,យុវជននិងអនាគតជាអ្នកដឹកនាំ,ការត្រិះរិះនិងបង្កើតគំនិត,សិល្បៈនៃការដឹកនាំអង្គប្រជុំ សិក្ខាសាលា កម្មវិធីនានា,សិល្បៈ នៃការបញ្ចេញយោបល់ ការតស៊ូមតិ និងការប្រកួតប្រជែងនានានិងការស្វែងយល់ពី សង្គមតាមរយៈទស្សនៈវិជ្ជាល្បីៗ និងចំណេះដឹងទូទៅច្រើនប្រភពផ្សេងទៀត។
កាលពីខែកុម្ភះ ឆ្នាំ២០១២ កន្លងមក Spring Board4Cambodia បានរៀបចំកម្មវិធីប្រកួតជជែក ពិភាក្សាជាលក្ខណៈអន្តរជាតិ ដែលមាននិស្សិត មកពីសាកលវិទ្យាល័យប្រទេសអង់គ្លេស ប្រទេសវៀតណាម និងប្រទេសកម្ពុជា ចូលរួមសរុប ១៨សាកលវិទ្យាល័យវាយតម្លៃដាក់ពិន្ទុ ដោយគណៈកម្មការជាតិ និងអន្តរជាតិមានឯកអគ្គរាជទូតអង់គ្លេស ជាប្រធាន ជាលទ្ធផល University of the West of England មកពីប្រទេសអង់គ្លេស ទទួលបានចំណាត់ថ្នាក់លេខ១ ហើយសាកលវិទ្យាល័យធនធានមនុស្ស បានចំណាត់ថ្នាក់លេខ២។
សម្រាប់ឆ្នាំ២០១៣នេះOutstanding Youth Clubទទួលការអញ្ជើញពីក្រសួង ស្ថានទូត អង្គការនានាអោយចូលរួមប្រកួតចំនួន១៩លើកជាលទ្ធផល ក្លឹបយុវជនឆ្នើមរបស់សាកលវិទ្យាល័យធនធានមនុស្សទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន១៧ដងនិងចំណាត់ថ្នាក់លេខ២ចំនួន២ដង ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យធនធានមនុស្ស ជាសាកលវិទ្យាល័យដែល គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា បានផ្តល់វិញ្ញាបនបត្រ ទទួលស្គាល់គុណភាពអប់រំ លើគ្រឹះស្ថានឧត្តមសិក្សាទាំងមូលមុនដំបូងគេនៅកម្ពុជាដែលជាវិញ្ញាបនបត្រកម្រិតចំណាត់ថ្នាក់ប្រសើរជាងគេមិនធ្លាប់មានក្នុងប្រទេសកម្ពុជា៕
ដោយ ៖ សស្អាត