ភ្នំពេញ ៖ យុទ្ធនាការស្ដារសម្អាតជួសជុលនិងកែលម្អអណ្ដូងលូត្រូវបានចាប់ផ្ដើមហើយនាព្រឹកថ្ងៃទី២៤ ខែសីហាដោយយោងតាមការសន្យារបស់អាជ្ញាធររាជធានីភ្នំពេញក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២០ ខែសីហាកន្លងមករវាងអភិបាលរាជធានីភ្នំពេញលោកប៉ាសុជាតិវង្សជាមួយមន្ដ្រីជំនាញពាក់ព័ន្ធក្រោមឱវាទដោយបានគ្រោងយកថ្ងៃទី២៤ខែសីហានេះដើម្បីបើកយុទ្ធនាការធំមួយបំផុសដល់ប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រស្ដារសម្អាតថែទាំជួសជុលនិងកែលម្អអណ្ដូងលូដែលមានចំនួន៣២.៤៦៤អណ្ដូងឡើងវិញបន្ទាប់ពីអណ្ដូងលូទាំងនោះទុកចោលដោយមិនបានគិតគូរអស់រយៈពេលជាង៦០ឆ្នាំមកហើយក្នុងគោលបំណងដើម្បីបញ្ចៀសការលិចលង់ពីជំនន់ទឹកភ្លៀងក្នុងរដូវវស្សាឆ្នាំនេះ។
អាជ្ញាធរខណ្ឌចំនួន៤កណ្ដាលរាជធានីគឺមានខណ្ឌទួលគោកចំការមន៧មករានិងដូនពេញព្រមទាំងចៅសង្កាត់ក្រោមឱវាទនិងមន្ទីរពាក់ព័ន្ធត្រូវបានអភិបាលរាជធានីភ្នំពេញដាក់ផែនការឱ្យទទួលខុសត្រូវពីរឿងការថែទាំនិងជួសជុលរាល់បណ្ដាញលូនៅមូលដ្ឋានរបស់ខ្លួនឱ្យបានល្អចាប់ពីពេលនេះទៅដោយលោកបានចាត់ទុកថាបណ្ដាញលូគឺមានសារសំខាន់ជាងការជួសជុលផ្លូវប្រសិនបើយើងជួសជុលផ្លូវតែបើគ្មានបណ្ដាញលូទេនោះផ្លូវនោះវានឹងខូចខាតដដែលទេដូច្នេះការធ្វើផ្លូវត្រូវគិតគូរពីបណ្ដាញលូជាមុនសិនទើបវាមានគុណភាពប្រសិទ្ធភាពនេះជាផែនការក្នុងគម្រោងរបស់យើង។
លោកប៉ាសុជាតិវង្សបានលើកឡើងថារាជធានីភ្នំពេញបាននិងកំពុងដំណើរការស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវលូ និងប្រឡាយដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការនៅតាមមូលដ្ឋាននិងដើម្បីការរស់នៅប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។តែទោះជាយ៉ាងណាក៏ដោយសមិទ្ធផលដែលយើងទទួលបានថ្មីៗនេះនៅពុំទាន់បានបំពេញនូវតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយ។ជាពិសេសប្រពន្ធ័លូនិងប្រឡាយដែលមានស្រាប់កំពុងជួបប្រទះការខូចខាតដោយសារការប្រើប្រាស់និងកង្វះខាតកិច្ចសហការគ្រប់គ្រងឱ្យបានល្អ។
លោកបន្ដថាដើម្បីដោះស្រាយបញ្ហានេះសាលារាជធានីភ្នំពេញនឹងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ
មន្ទីរជំនាញនិងផ្នែកឯកជនដើម្បីបើកយុទ្ធនាការស្ដារសម្អាតជួសជុលនិងកែលម្អអណ្ដូងលូទាំងអស់ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៤ខែសីហាឆ្នាំ២០១៣ខាងមុខនេះតទៅ។
លោកបន្ដទៀតថាគោលបំណងដែលយើងបើកយុទ្ធនាការនេះគឺដើម្បីបំផុសឱ្យបងប្អូនប្រជាពលរដ្ឋអាជ្ញាធរដែលទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវចូលរួមថែទាំនិងទទួលខុសត្រូវធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញជៀសផុតពីការលិចលង់ដោយទឹកជំនន់ទឹកភ្លៀង។យើងបង្កើនកិច្ចសហការនិងការចូលរួមពីស្ថាប័នរដ្ឋផ្នែកឯកជននិងប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យមានការរីកចម្រើន។ត្រូវធ្វើផែនការស្ដារបណ្ដាញលូប្រឡាយទៅតាមស្ថានភាពរបស់មូលដ្ឋាន៕
ដោយ៖ សស្អាត