ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិ ជំទាស់បានច្រានចោលនូវការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះ
ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិការទី៥ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ ការបដិ
សេធន៍នេះបានធ្វើឡើងបន្ទាប់ពីគ.ជ.បបានធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្ន កាលពីព្រឹកថ្ងៃ ទី១២
សីហា ឆ្នាំ២០១៣។
នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ តាមបណ្តោយផ្លូវ៥៩៨ផ្តុំត្រឡោកបែក ក្នុងខ័ណ្ឌទួលគោក កាលពីវេលា
ម៉ោង១១និង៣០នាទីថ្ងៃដដែលនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានរៀបចំធ្វើសន្និ
សីទសារព័ត៌មានមួយសម្តែងនូវការជំទាស់ចំពោះគ.ជ.បដែលបានប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការ
បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីព្រឹកមិញនេះ ។
លោក កឹម សុខា បានប្រកាសថា លទ្ធផលបណ្តោះអាសន្ននេះគណបក្ារបស់លោកមិនអាទទួលយកបានទេ
ព្រោះស្ថិតក្នុងស្ថានភាពមួយដែលភាពមិនប្រករតីយ៉ាងធ្ងន់ធ្ងរទាំងឡាយដែលបានកើត មាននៅមុន និងថ្ងៃ
បោះឆ្នោតពុំទាន់ត្រូវបានស៊ើបអង្កេតនិងដោះស្រាយឲ្យបានត្រឹមត្រូវដោយតម្លាភាព និងយុត្តិធម៌សម្រាប់
ប្រជាជនជាម្ចាស់ឆ្នោត។
លោក កឹម សុខា បានចាត់ទុកការប្រកាសរបស់ គ.ជ.ប នេះគឺជាសកម្មភាពបិទបាំងនូវកំហុសឆ្គង ដែលខ្លួន
បានធ្វើកន្លងទៅ ហើយវាអាចនឹងនាំមកនូងការប៉ះបោរ តវ៉ា ពីសំណាក់ប្រជាពលរដ្ឋ ។ លោកអនុប្រធាន
គណបក្សប្រឆាំងរូបនេះបានតម្រូវឲ្យគ.ជ.បទទួលខុសត្រូវនូវរាល់ការប៉ះបោរដែលអាចនឹងនាំឲ្យមានអស្ថិរ
ភាពនយោបាយពីសំណាក់ប្រជាពលរដ្ឋ។
លោក កឹម សុខា បានចាត់ទុកការប្រកាសលទ្ធផលបណ្តោះអាសន្ននេះ ជាភាពមានៈប្រឆាំងនឹងឆន្ទៈរបស់
ប្រជាពលរដ្ឋដែលកំពុងតែចង់ដឹងនិងរកយុត្តិធម៌ ហើយគណបក្សសង្រ្កោះជាតិ នៅតែទទួចឲ្យបង្កើតគណៈ
កម្មការបច្ចេកទេសចម្រុះឯករាជ្យមួយ និងអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជាធ្វើតាមកិច្ចប្រជុំទ្វេភាគីនៅ
មន្ទីររដ្ឋសភាកាលពីថ្ងៃទី០៩ សីហា កន្លងទៅ ស្តីពីការជ្រើសរើសក្រុមអ្នកបច្ចេកទេស ដើម្បីធ្វើការស្រាវជ្រាវ
លើភាពមិនប្រក្រតីនៃការបោះឆ្នោតនោះ និងឲ្យមកចូលប្រជុំ ដើម្បីបន្តការងាររកយុត្តិធម៌ឲ្យបានឆាប់ និងវិល
មករកការដោះស្រាយបញ្ហាដោយសន្តិវិធី។
ជាមួយគ្នានោះ លោក កឹម សុខា បានទាមទារឲ្យរាជរដ្ឋាភិបាលបញ្ឈប់នូវរាល់ការចល័តកងកម្លាំងប្រដាប់
អាវុធ និងរថក្រោះជាដើមដោយលោកចាត់ទុកថាជាភាពទ័លច្រក និងភាពអន់របស់ខ្លួនដែលមិនចេះដោះ
ស្រាយបញ្ហាដោយសន្តិវិធី ។ ព្រមទាំងបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងប្រទេសជាហត្ថលេខី នៃ
កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលគាំទ្រឲ្យមានការបោះឆ្នោតនៅកម្ពុជា ដោយសុំកុំឲ្យទទួលស្គាល់
រាជរដ្ឋាភិបាលដែលបង្កើតឡើងក្នុងស្ថានភាពមួយមិនប្រក្រតី។
គណបក្សសង្រ្គោះជាតិ គ្រោងនឹងដាក់ពាក្យជំទាស់នូវការប្រកាសលទ្ធផលរបស់ គ.ជ.ប តាមនិតិវិធីច្បាប់។
ទន្ទឹមគ្នានោះក៏មានគម្រោងនឹងធ្វើកាតតស៊ូមតិតាមផ្លូវដទៃទៀត លោក មិនបានប្រកាសអំពីគម្រោងណាមួយ
ទាក់ទងនឹងការធ្វើមហាបាតុកម្មនោះទេ។ លោកក៏បាននិយាយដែរថា លោក សម រង្ស៊ី នឹងវិលត្រឡប់មក
កម្ពុជាវិញ នៅក្នុងសប្តាហ៍នេះតែមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់ទេ។
សូមបញ្ចាក់ថា លទ្ធផលបណ្តោះអសន្នដែលប្រកាសដោយ គ.ជ.ប និងរូបមន្តបែងចែកអាសនៈនៅក្នុងច្បាប់
បោះឆ្នោត អ្នកសង្កេតការណ៍បានគណនាឃើញថា ចំនួនអាសនៈដែលគណបក្សប្រជាជនទទួលបាន គឺ ៦៨
ហើយគណបក្សសង្គ្រោះជាតិទទួលបានចំនួន ៥៥ ដោយមិនមានអ្វីប្រែប្រួលឡើយ បើទោះបីជាសំឡេងឆ្នោត
មានការប្រែប្រួលបន្តិចបន្តួចក្តី៕
ដោយ៖ ស.ស្អាត