ភ្នំពេញ៖ នៅក្នុងយុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៥ នៅកម្ពុជានេះគេឃើញគណបក្សនយោបាយបានប្រើប្រាស់អស់លទ្ធភាពក្នុងការឃោសនារកសំឡេងគាំទ្រពីម្ចាស់ឆ្នោតមិនថានៅរាជធានីទីប្រជុំជនឬតាមបណ្តាខេត្តក្រុងនោះទេ។ ប៉ុន្តែចំណុចសម្គាល់សំខាន់នៅក្នុយុទ្ធនាការលើកនេះគឺគណបក្សនយោបាយនិយមួយៗបង្ហាញឆន្ទៈមិនបៀតបៀនគ្នាដោយអំពើហិង្សាឬប៉ះពាល់ពាក្សសំដីគ្នាដោយផ្ទាល់មាត់នោះទេបើទោះជាក្បួនហែរជល់មុខគ្នាឬក៏ទីតាំងឃោសនានៅក្បែគ្នាក៏ដោយ។
ជាក់ស្តែងនៅតំបន់សហគមន៍បុរីកីឡា(ប្លុកបុរីកីឡា) កាលពីព្រឹកថ្ងៃទី៦ខែកក្កដានេះមានគណបក្សនយោបាយធំៗ ចំនួន៣គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិចបានបើកយុទ្ធនាការឃោសនានៅទីតាំងក្បែរៗគ្នាតែមិនបានបង្ហាញពីភាពមិនប្រក្រតីណាមួយដាក់គ្នានោះឡើយគឺគ្រាន់តែចាក់ឧឃ្ឃោសនសព្ទអំពីគោលនយោបាយរបស់គណបក្សរៀងខ្លួនៗពិសេសគឺបទចម្រៀងដែលស្តែងចេញពីស្នាដៃនិងទិសដៅដែលបក្សខ្លួនត្រៀមរៀបចំប្រទេសនៅពេលទទួលបានជ័យជំនះពីការបោះឆ្នោតលើកនេះ។
ក្រុមអ្នកវិភាគនយោបាយនៅកម្ពុជាបានមើលឃើញថាគណបក្សនយោបាយនៅកម្ពុជាបានបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយតម្លាភាពនិងមានលទ្ធិប្រជាធិបតេយ្យល្អប្រសើរជាងការបោះឆ្នោតអាណត្តមុនៗ។ជាងនេះទៅទៀតគេមើលឃើញទៀតថាសមាជិកសមាជិការនៃបក្សនយោបាយនិមួយៗហាក់មានភាពយោគយល់គ្នាក្នុងនាមជាតិសាសន៍ខ្មែរដូចគ្នាបើទោះបីជាសារនយោបាយរបស់បក្សមួយចំនួនបានប្រើប្រាស់ខ្លឹមសារនិងពាក្សពេជន៍វាយប្រហារគ្នាខ្លះក៏ដោយតែគ្មានការតបតដោយអំពើហិង្សានោះនៅឡើយទេ។
គេរង់ចាំមើលទៀតថាបើក្នុងយុទ្ធនាការឃោសនារយៈពេលមួយខែពេញមុនពេលបោះឆ្នោតមកដល់នោះគណបក្សនយោបាយទាំងអស់នូវតែបង្ហាញឆន្ទៈនិងប្រកាន់ឥរិយាបទយោគយល់គ្នាមិនបៀតបៀនគ្នា និងមិនប្រើប្រាស់រូបភាពហិង្សាទេនោះប្រទេសកម្ពុជាពិតជាបានដើរតួនាទីឈានមុខគេផ្នែកលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដពិសេសនៅតាមបណ្តាប្រទេសដែលមានការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅក្នុងតំបន់ និងនៅលើពិភពលោក។មានន័យថាការបោះឆ្នោតនៅកម្ពុជាបានប្រព្រឹត្តទៅប្រកបដោយតម្លាភាពត្រឹមត្រូវសេរីយុត្តិធម៌និងមានលទ្ធិប្រជាធិបតេយ្យពេញលេញ៕
ដោយ៖ស.ស្អាត