ភ្នំពេញ៖ ក្រុមអ្នកស្ម័គ្រចិត្តជនជាតិជប៉ុនចំនួន៨នាក់បានមកដល់ទីក្រុងភ្នំពេញហើយកាលពីថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០១៣ដើម្បីបំពេញសកម្មភាពការងាររយៈពេល២ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានអ្នកស្ម័គ្រចិត្តវ័យក្មេង (JOCV) ចំនួន៧នាក់ដែលមានអាយុចាប់ពី២០ដល់៣៩ឆ្នាំនិងអ្នកស្ម័គ្រចិត្តជាន់ខ្ពស់ (SV) ចំនួន១នាក់ដែលមានអាយុចាប់ពី៤០ដល់៦៩ឆ្នាំ ។
នៅកម្ពុជានាពេលបច្ចុប្បន្ននេះមានអ្នកស្ម័គ្រចិត្តJICAចំនួន៣២នាក់ ដែលកំពុងបម្រើការងាររយៈពេល២ឆ្នាំនៅតាមបណ្តាខេត្តក្រុងចំនួន៩នៃប្រទេសកម្ពុជា ។បន្ទាប់ពីការបណ្តុះបណ្តាលក្នុងប្រទេសរយៈពេល១ខែអ្នកស្ម័គ្រចិត្តថ្មីទាំងអស់នឹងត្រូវបានបញ្ជូនទៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តបាត់ដំបង កំពង់ចាម កំពត ព្រៃវែង ភ្នំពេញស្វាយរៀង និងសៀមរាប ដើម្បីបំពេញសកម្មភាពការងារជាច្រើនដូចជាសកម្មភាពយុវជន ផ្នែកអប់រំបឋមសិក្សា គ្រូបង្រៀនកុំព្យូទ័រនិងគ្រូបង្វឹកអៃគីដូជាដើម ។
បើយោងតាមប្រសាសន៍របស់ លោក Ueno Toshio ប្រធានសម្របសម្រួលកម្មវិធីអ្នកស្ម័គ្រចិត្ដនៅការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថាការចូលរួមចំណែករបស់អ្នកស្ម័គ្រចិត្តJICA ជាពិសេសក្នុងវិស័យអប់រំវិទ្យាសាស្រ្ត និងការអប់រំបឋមសិក្សាត្រូវបានចាត់ទុកក្នុងកម្រិតខ្ពស់សម្រាប់ប្រទេសកម្ពុជាហើយ JICA បានប្តេជ្ញាចិត្តនឹងបន្តបញ្ជូនអ្នកស្ម័គ្រចិត្តដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងផ្នែកនេះផងដែរ។ លើសពីនេះទៀតយើងក៏ទទួលបានលទ្ធផលជាវិជ្ជមានលើការចូលរួមចំណែករបស់អ្នកស្ម័គ្រចិត្ដជាន់ខ្ពស់ដែលមានជំនាញឯកទេសនិងបទពិសោធន៍នៅក្នុងវិស័យសំខាន់ៗ ដូចជាឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ទេសចរណ៍ និងវិស្វកម្ម ។
សូមរំឮកថា កម្មវិធីអ្នកស្ម័គ្រចិត្ដJICAបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៦៥ ក្នុងការបញ្ជូនពលរដ្ឋជប៉ុន ដើម្បីចូលរួមចែករំលែកនូវជំនាញនិងបទពិសោធន៍របស់ពួកគេផ្តល់ជាប្រយោជន៍ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ គិតមកត្រឹមឆ្នាំ២០១១ JICA បានបញ្ជូនអ្នកស្ម័គ្រចិត្ដសរុបចំនួន ៣៦,៩៥១ (JOCV) ទៅកាន់៨៨ប្រទេស និង៤,៨៧៤ (SV) ទៅកាន់ ៦៨ប្រទេស នៅជុំវិញពិភពលោក។ចាប់តាំងពីឆ្នាំ១៩៦៦មកJICAបានបញ្ជូនអ្នកស្ម័គ្រចិត្តសរុបចំនួន ៣៣៧នាក់មកកាន់ប្រទេសកម្ពុជាដើម្បីបម្រើការងារនៅក្នុងវិស័យផ្សេងៗ ដូចជា សេវាថែទាំសុខភាព ការគ្រប់គ្រង ការអប់រំ កសិកម្ម/ជលផលកីឡា និងការអភិវឌ្ឍជំនាញបច្ចេកទេស៕
ដោយ៖ ស.ស្អាត