កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រធានាធិបតីចិន ស៊ី ជីនភីង បានថ្លែងថា អាស៊ីកំពុងជួប “បញ្ហាប្រឈមថ្មីៗ” ចំពោះ ស្ថិរភាពក្នុងតំបន់ និងព្រមានធ្ងន់ៗថា គ្មានប្រទេសណាមួយ ត្រូវអនុញ្ញាតធ្វើឲ្យតំបន់អាស៊ី ឬក៏ពិភពលោកទាំងមូល មានចលាចលនោះទេ ។
លោក ស៊ី ជីនភីង ថ្លែងសុន្ទរកថាបែបនេះ ក្នុងវេទិកាពាណិជ្ជកម្មក្នុងតំបន់ប្រចាំឆ្នាំនៅកោះ Hainan ភាគខាងត្បូងប្រទេសចិន ប៉ុន្តែមិនបាននិយាយលើកឡើងពីវិបត្តិនៅឧបទ្វីបកូរ៉េ ឬជម្លោះទឹកដីរវាងចិន និងជប៉ុន និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀតឡើយ។
ប៉ុន្តែ លោកសង្កត់ធ្ងន់ថា វានឹងគ្មានការអធ្យាស្រ័យណាមួយចំពោះអ្នកដែលបង្កឲ្យមាន៖ “ចលាចលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន” នោះទេ និងអះអាងថា ចិននឹងប្រកាន់គោលជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការរក្សាអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ខ្លួន។
ទោះបីប្រធានាធិបតីចិនរូបនេះមិន បាននិយាយចង្អុលទៅកាន់ប្រទេសណាមួយជាក់លាក់ក៏ដោយ ក៏គេសម្គាល់ឃើញថា នេះជាការស្រែកគ្រហឹមលើកដំបូង បន្ទាប់ពីមានជម្លោះគំរាមកំហែងថ្មីនៅលើឧបទ្វីបកូរ៉េមក ខណៈដែលចិន ក៏បានកេណ្ឌទ័ព និងដាក់យោធាឲ្យប្រុងជើងការកម្រិតខ្ពស់ រួចជាស្រេចនៅព្រំដែនរួមចិន-កូរ៉េខាងជើង។ តែ លោកបានស្នើដល់កូរ៉េខាងជើង ឲ្យរក្សាសុវត្ថិភាពដល់មន្ត្រីការទូត និងពលរដ្ឋចិនដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសកូរ៉េខាងជើងផង។
ចិនគឺជាសម្ព័ន្ធ មិត្តស្និទ្ធបំផុតរបស់កូរ៉េខាងជើង ចាប់តាំងពីពួកគេបានប្រកៀកស្មាប្រយុទ្ធរួមគ្នានៅក្នុងសង្គ្រាម ឧបទ្វីបកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ហើយចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ទីក្រុងព្យុងយ៉ាង។
ភាព តានតឹង កំពុងកើនឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដោយកូរ៉េខាងជើងបានគំរាមវាយប្រហារដោយនុយក្លេអ៊ែរ បន្ទាប់ពីអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មថ្មីលើខ្លួនដោយសារ ការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ និងបន្ទាប់ពីសមយុទ្ធយោធារួមរវាងកូរ៉េខាងត្បូង និងអាមេរិក៕
ប្រភព៖ពីសSabay