ភ្នំពេញ៖ បេសកជន ពិសេសរបស់ នាយករដ្ឋមន្ត្រីចក្រភព អង់គ្លេស ទទួលបន្ទុកពាណិជ្ជកម្ម ជាមួយ កម្ពុជា ឡាវ និងវៀតណាម មកស្វែងយល់ ពីដំណើរការ កំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ និងតុលាការ ការប្រឆាំង អំពើពុករលួយ ក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សា ជាមួយ លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក David Puttman បេសកជន របស់នាយករដ្ឋមន្ត្រី អង់គ្លេស បានមានប្រសាសន៍ថា ក្នុងអំឡុងដំណើរ ទស្សនៈកិច្ចផ្លូវការ និងគណៈប្រតិភូ របស់លោក នៅពេលនេះ មានបំណង ស្វែងយល់អំពី ដំណើរការ កំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ និងតុលាការ ការប្រឆាំង អំពើពុករលួយ ក្នុងប្រទេសកម្ពុជា ហើយលោក ក៏ចង់ធ្វើការសាកសួរ អំពីលទ្ធភាព នៃការបង្កើត ឧស្សាហកម្មផលិតភាពយន្ត ក្នុងប្រទេសកម្ពុជាផងដែរ។ លោក គាត ឈន់ បានថ្លែងថា កម្ពុជាបាន នឹងកំពុងខិតខំ ធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ និងតុលាការ។ ចំណែកការប្រឆាំង អំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ បានខិតខំបំពេញ ភារកិច្ចរបស់ខ្លួន ក្នុងក្របខណ្ឌច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីរួមចំណែក ធានាបរិយាកាស ល្អប្រសើរ សម្រាប់ធុរកិច្ច និងវិនិយោគ។
ការប្រឆាំង អំពើពុករលួយ ទាំងផ្នែករដ្ឋ ទាំងផ្នែកឯកជន ត្រូវបានទទួលខុសត្រូវ និងមានគណនេយ្យភាពទាំងអស់គ្នា ពោលគឺទាំងអ្នកស៊ីសំណូក និងអ្នកសូកប៉ាន់ត្រូវទទួលទោស តាមច្បាប់ជាធរមាន។ពាក់ព័ន្ធនឹងការថត និងការផលិតខ្សែភាពយន្ត ក្នុងប្រទេសកម្ពុជា លោក គាត ឈន់ ប្រាប់គណៈប្រតិភូរបស់ អង់គ្លេសថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាច្រកចេញចូលតែមួយ ហើយនឹងផ្តល់ការសហការសម្រាប់បង្កើតឧស្សាហកម្មផលិតខ្សែភាពយន្ត។ ក្នុងវេទិការរាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៧ កាលពីថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៤ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងយុត្តិធម៌ បានរៀបចំសេចក្តីព្រាងច្បាប់ ចំនួនបី គឺ សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ អង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំ និងប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ ស្តីពីលក្ខន្តិកៈ នៃចៅក្រម និងព្រះរាជអាជ្ញា ដែលគ្រោង នឹងអនុម័ត នៅក្នុងឆមាសទី១ ឆ្នាំ២០១៤នេះ ដើម្បីដាក់ ឱ្យ អនុវត្តសំដៅធានា នូវឯករាជ្យភាព របស់តុលាការនិង ធ្វើឱ្យប្រសើរ
ឡើង នូវសេវាយុត្តិធម៌ នៅកម្ពុជា។ ជាមួយគ្នានេះ លោកឧបនាយក រដ្ឋមន្ត្រី គាត ឈន់ ក៏បានប្រាប់ គណៈប្រតិភូអង់គ្លេសដែរ ថា ចាប់ពី ឆ្នាំ១៩៩៨ មក កម្ពុជា ទទួលបាន សុខសន្តិភាព ពេញលេញ ស្ថិរភាពនយោបាយ ដែលជាបុរេលក្ខណៈ សម្រាប់ការ អភិវឌ្ឍន៍ប្រទេស។ក្នុងរយៈពេល ១៥ឆ្នាំមកនេះ កម្ពុជាសម្រេច នូវកំណើនសេដ្ឋកិច្ច ជាង៨ភាគរយ ជាមធ្យមក្នុងមួយឆ្នាំ និងអត្រាភាពក្រីក្រ បានធ្លាក់ចុះពី៥៣,២ភាគរយក្នុងឆ្នាំ២០០៤មកត្រឹម២០,៥ភាគរយក្នុងឆ្នាំ២០១១។ ឈរលើលទ្ធផលនេះ កម្ពុជានឹងឈាន ឡើងពីប្រទេសដែលមាន ចំណូលទាបទៅជា ប្រទេសមានចំណូលមធ្យម ក្នុងពេលឆាប់ៗ ខាងមុខនេះ និងប្រែក្លាយទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០៕
ដោយ៖ រតនា