ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃគណបក្សកុម្មុយនីស្តចិន បានមកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសកម្ពុជា ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី រវាងរដ្ឋាភិបាលកម្ពុជានិងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាគណបក្សជាសម្ព័នមិត្តរបស់ខ្លួន គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។លោក កែវ ពុទ្ធរស្មី ឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្ស ហ៊្វុនស៊ិនប៉ិច បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួប រវាង សម្តេច ព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ជាមួយលោក Chen Feng xian អនុប្រធាននាយកដ្ឋានអន្តរជាតិ នៃគណៈមជ្ឈឹមបក្សកុម្មុយនីស្តចិន នៅដំណាក់ក្បែវិមានឯករាជ្យ នាព្រឹកថ្ងៃទី២៤ខែ កុម្ភៈនេះថា លោក Chen Feng xian បានរំលឹកពីព្រះរាជស្នាដៃដឹកនាំដ៏ប៉ិនប្រសព និងព្រះបញ្ញាញ្ញាណ ឈ្លាសវៃ របស់ព្រះបរមរតនកោដ្ឋក្នុងការដឹកនាំប្រទេសក៏ដូចជាការផ្សះផ្សារជាតិ នាពេលកន្លងមក ពិសេសទំនាក់ទំនងការទូតយ៉ាងល្អបំផុតរវាងប្រទេសទាំងពីរកម្ពុជា-ចិន។
លោកកែវ ពុទ្ធរស្មីបន្តថា ដំណើរទស្សនកិច្ចរបស់ អនុប្រធាននាយកដ្ឋានអន្តរជាតិ នៃគណៈមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនឹងចូលជួបសម្តែងការគួរសម ជាមួយប្រមុខដឹកនាំ និងឥស្សរជនជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប រួមមាន សម្តេច នាយករដ្ឋមន្រ្តី លោកឧបនាយករដ្ឋមន្រ្តី សុខ អាន លោក សាយ ឈុំ អគ្គលេខាធិការ គណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេច ព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នាពេលនេះ។ លោកបន្តទៀតថា ក្នុងជំនួបនេះដែរ លោក Chen Feng xian បានបញ្ជាក់ពីជំហរ បន្តគាំទ្រជានិច្ចចំពោះគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច នៅគ្រប់កាលៈទេសៈ និងជម្រុញឲ្យគណបក្ស ហ៊្វុនស៊ិនប៉ិច ចូលរួមក្នុងការផ្សះផ្សារ និងសម្របសម្រួលជាមួយគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ ដើម្បីដោះស្រាស្ថានភាពនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ហើយភាគីចិន ក៏ដូចជាគណបក្សកុំម្មុយនីស្តចិន នឹងខិតខំរួមសហការសម្របសម្រួលឲ្យមានការដោះស្រាយស្ថានការណ័ដ៏តឹងតែងនេះឲ្យបានល្អប្រសើរតាមតែអាចធ្វើទៅបាន។
ជាមួយក្នានោះ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរវិញ លោក Chen Feng xian បានស្នើរឲ្យមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នៃគណបក្សទាំងពីរឲ្យញឹកញាប់ក្នុងមួយឆ្នាំៗ។ សុំឲ្យបញ្ជូនមន្រ្តី ហ៊្វុនស៊ិនប៉ិច ទៅបណ្តុះបណ្តាល និងធ្វើទស្សនកិច្ចសិក្សា នៅប្រទេសចិនយ៉ាងតិច៣០នាក់ក្នុងមួយឆ្នាំលើផ្នែកអភិបាលកិច្ច តាមក្រខណ្ឌដែលបានចុះអនុស្សារណៈជាមួយគ្នាកាលពីឆ្នាំ២០១១កន្លងទៅនោះ។ ចំពោះចំនួនមន្រ្តីគណបក្សទៅសិក្សានៅប្រទេសចិន ចិនគ្រោងនឹងបន្ថែមឲ្យបានច្រើនលើសពីនេះក្នុងឆ្នាំបន្តបន្ទាប់ ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សរបស់គណបក្សឲ្យកាន់តែសម្បូរបែប។
លោកឧត្តមទីប្រឹក្សាជម្រាបថា ជាការឆ្លើយតប សម្តេច ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានសម្តែងនូវអំណរគុណ ចំពោះមហាមិត្តចិន ពិសេសគណបក្សកុំម្មុយនីសចិនដែលតែងតែ យកចិត្តទុកដាក់ ជួយដល់គណបក្សទាំងកម្លាំងកាយចិត្ត និងសម្ភារៈកន្លងមក ហើយនៅតែបន្តគាំទ្រឥតងាករេចំពោះចំណងមិត្តភាព សាមគ្គីភាពដែលមានជាយូរយាមកហើយនោះ ឲ្យ នៅគង់វង់យូរអង្វែងតទៅទៀត។ សម្តេចនូវមិនភ្លេចពីការអរគុណចំពោះការយកចិត្តទុកដាក់ ពីមិត្តចិនដែលបានថែរក្សាព្រះរាជសុខភាព ព្រះបរម រតនកោដ្ឋ កាលមានព្រះជន្មនៅឡើយ ព្រមទាំងព្រះវររាជមាតាជាតិខ្មែរ (សម្តេចម៉ែ)និងព្រះមហាក្សត្រនៃយើងសព្វថ្ងៃនេះ។ សូមជម្រាបផងដែរ នៅក្នុងជំនួបនោះ គណប្រតិភូជាន់ខ្ពស់នៃគណបក្សកុំម្មុយនីស្តចិន បានផ្តល់ជូននូវជំនួយមួយចំនួនរួមមាន ម៉ូតូដែលកម្លាំង១២៥សេសេចំនួន១៥គ្រឿង និង កង់អេឡិចត្រូនិច (កង់ប្រើអាគុយ) ចំនួន ៨០ គ្រឿង ដល់គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីយកទៅប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរចុះពង្រឹងសមាជិកនៅតាមមូលដ្ឋានរបស់ខ្លួន៕
ដោយ៖ ស.ស្អាត