ភ្នំពេញ៖ រដ្ឋាភិបាលរបស់កម្ពុជាគ្រោងនឹងបើកឲ្យដំណើរការឡើងវិញចំពោះការស្មុំកូនទៅក្រៅប្រទេសនៅក្នុងឆ្នាំ២០១៤ខាងមុខនេះហើយ បន្ទាប់ពីកម្ពុជាមានយន្តការការពារច្បាស់លាស់ ដើម្បីផ្តល់ ការធានានូវឧត្តមប្រយោជន៍ឲ្យកុមារដែលត្រូវបានគេយកចិញ្ចឹមនោះបានស្ថិតក្នុងរង្វង់ច្បាប់គ្មានការរំលោភបំពាន។រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បា លោក នឹម ថូ បានថ្លែងប្រាប់ឱ្យដឹងថា ការដាក់ពាក្យស្មុំកូនទៅក្រៅប្រទេស លែងពន្យាពេលទៀតហើយ ដោយគ្រោងអនុវត្តឡើងវិញនៅ ពេលឆាប់ៗនេះ ពោលគឺអាចនៅក្នុងរង្វង់ឆ្នាំ២០១៤ខាងមុខ។
លោកបានអះអាងដូច្នេះ ដោយប្រទេសកម្ពុជាយើង មានលិខិតបទដ្ឋានគតិយុត្តិ និងនីតិវិធីថ្មីៗដែលធានាឲ្យឧត្តមប្រយោជន៍របស់កុមារដែលត្រូវគេយកទៅចិញ្ចឹម។លោក នឹម ថូត ក៏បានបញ្ជាក់ទៀតថា ការស្មុំកូននេះ អនុញ្ញាត្តបានលក្ខខ័ណ្ឌទី១ ទាល់តែអ្នកសុំនោះមានលិខិតអាពាហ៍ពិពាហ៍ត្រឹមត្រូវ ហើយមានអាយុលើសកូន២២ ឆ្នាំ ហើយអ្នកនៅលីវមិនឲ្យនោះទេ ហើយលក្ខខ័ណ្ឌទី២ មើលលើសេដ្ឋកិច្ចគ្រួសារថា តើចំណូលរបស់គេមួយឆ្នាំប៉ុន្មាន និងទី៣ មើលចិត្តសាស្រ្តតើអ្នក នឹងស្រឡាញ់ក្មេងឬអត់ ទី៤ សួរអ្នកជិតខាងថា អ្នកនេះមានចរឹកកាចឃោរឃៅឬអត់ ហើយមួយទៀតមើល នៅកន្លែងការងារថាតើ អ្នកនេះមានការងារត្រឹមត្រូវអត់អាចចិញ្ចឹមក្មេងបានឬមិនបាន ហើយក៏មើលលិខិតថ្កោលទោស ហើយការស្មុំកូននេះ ក៏ត្រូវតែមានការយល់ព្រមពីអាជ្ញាធរស្មុំកូនអន្តរប្រទេសផងដែរ។
តែទោះជាយ៉ាងនេះក៏ដោយ លោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ការស្មុំកូនអន្តរប្រទេសនេះ គឺបានអនុវត្តឡើងជាជម្រើសចុងក្រោយប៉ុណ្ណោះ បន្ទាប់កិច្ចខិតខំប្រឹងប្រែងរកគ្រួសារដើម និងគ្រួសារចិញ្ចឹមក្នុងស្រុកត្រូវបានធ្វើអស់លទ្ធភាពហើយនោះ។
កម្ពុជាត្រូវបានផ្អាក់មិនឲ្យមានការស្មុំកូនទៅក្រៅប្រទេសចាប់ពីឆ្នាំ២០០៩កន្លងមក បន្ទាប់ពីមានជនខិលខូចមួយចំនួន បានឆ្លៀត ឱកាសយកការស្មុំកូនធ្វើជាមុខរបរជំនួញ ហើយបានប្រព្រឹត្តអំពើល្មើសច្បាប់ដូចជា៖ ការទិញដោះដូរទារក, ការបង្ខិតបង្ខំស្រ្តី រង គ្រោះឲ្យបោះបង់កូន, ក្លែងបន្លំឯកសារ ជាក្មេងកំព្រា ឬក្មេងបោះបង់ចោល..ជាដើម ដោយគ្មានការតាមដានច្បាស់លាស់។ភ្លាមៗនោះកម្ពុជាបានចាប់ផ្តើមរៀបចំយន្តការជាបន្ទាន់ ដោយកាលពីចុងឆ្នាំ២០០៩ ប្រទេសកម្ពុជាបានអនុមត័ច្បាប់ស្តីពីការ ស្មុំកូនឆ្លងប្រទេសរបស់ប្រទេសកម្ពុជា បែបនេះក្តីការដាក់ពាក្យស្មុំកូនអន្តរប្រទេសជាថ្មីត្រូវបានពន្យាពេលដដែល ដើម្បីផ្តល់ ពេលវេលាឲ្យអាជ្ញាធរបានរៀបចំលិខិតបទដ្ឋានគតិយុត្តិដែលចាំបាច់ និងបណ្តុះបណ្តាលអ្នកពាក់ព័ន្ធសំដៅធានាឲ្យការអនុវត្តច្បាប់ថ្មីនេះប្រព្រឹត្តទៅបានល្អ។
លោកស្រី ស៊ូ ណាគីម តំណាងយូនីសេហ្វប្រចាំកម្ពុជាបានបញ្ជាក់ថា មុននឹងបើកឲ្យមានការសុំកូនសារជាថ្មីនេះ ចាំបាច់កម្ពុជាត្រូវតែធានាមានកិច្ចការពារសំខាន់ៗ នឹងការគ្រប់គ្រងករណីការស្មុំកូន បានត្រឹមត្រូវជាមុនសិន។ លោកស្រីបន្តថា យូនីសេហ្វ ផ្តល់ការគំាទ្រដល់កម្ពុជាក្នុងការងារដ៏សំខាន់ នេះ តាមរយៈការចាត់វិធានការនានា សំដៅធានាយ៉ាងណាឲ្យចំនួនពាក្យស្មុំកូន និងការស្នើសុំការអនុញ្ញាតពីស្ថាបន័បរទេសមានការបញ្ជាក់ត្រឹមត្រូវ ហើយអាចគ្រប់គ្រងបានដោយអាជ្ញាធរកម្ពុជា។លោក វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌មានប្រសាសន៍ដែរថា អំពើជួញដូរកុមារតាមរយៈរូបភាពស្មុំកូន គឺរាជរដ្ឋាភិបាលកម្ពុជាបានប្រឆំាងជាដាច់ខាតទៅលើអំពើទាំងនេះ ហើយបានខិតខំរកគ្រប់មធ្យោបាយដើម្បីទប់ស្កាត់។
លោករដ្ឋមន្រ្តីយុតិ្តធម៌បានបន្ថែមថា «យើងទទួលស្គាល់ និងគោរពសិទ្ធិកុមារក្នុងការរស់នៅជាមួយគ្រួសារដ៏កក់ក្តៅ យើងគោរពទៅលើគោលការណ៍អន្តរជាតិ ដែលថាការស្មុំកូនអន្តរប្រទេស ត្រូវធ្វើឡើងជាជំរើសចុងក្រោយបង្អស់ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរកគ្រួសារជាដើម និងគ្រួសារចិញ្ចឹមក្នុងស្រុកត្រូវបានធ្វើអស់លទ្ធភាពហើយ»។លោករដ្ឋមន្ត្រីបញ្ជាក់ថា ច្បាប់ស្មុំកូនដែលកម្ពុជាបង្កើតឡើងនេះ មានសារៈសំខាន់ ដោយធានាការគោរពសិទ្ធិកុមារ ធានាពីតម្លាភាពនៃនិតិវិធីស្មុំកូនអន្តរជាតិ និងការពារកុមារ ដែលត្រូវបានសុំទៅចិញ្ចឹមនៅក្រៅប្រទេស។
តាមច្បាប់បានកំណត់ថា ក្នុងករណីទីភ្នាក់ងារដែលប្រតិបត្តិក្នុងដំណើរការស្មុំកូនអន្តរប្រទេសមិន អនុវត្តតាមកថាខណ្ឌទី១ មាត្រា៤៧ ឬកថាខណ្ឌទី២ មាត្រា៤៨ នៃច្បាប់នេះ នឹងត្រូវពិន័យជាប្រាក់ពី១ លានរៀល រហូតដល់១០លានរៀល និងការផ្តន្ទាទោសតាមច្បាប់ផងដែរ។គួរបញ្ជាក់ថា កម្ពុជាបានបើកឲ្យមានការស្មុំកូនទៅក្រៅប្រទេសចាប់តាំងពីឆ្នាំ១៩៨៧ មកដល់ឆ្នាំ ២០០៩ មានចំនួនប្រមាណជាង៣៨០០នាក់ហើយ ក្នុងនោះប្រទេសដែរទទួលយកកូនពីកម្ពុជាច្រើនជាងគេមានប្រទេសអ៊ីតាលី, សហរដ្ឋអាមេរិក, បារំាង និងប្រទេសអង់គ្លេសដែលមានចំនួនប្រហែលជាង៣០០០នាក់ ៕ ដោយ៖ ភីនរ៉ា