ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតករអមតៈ ដែលបានសម្លាប់ជីវិតមនុស្សមិនរើសមុខរៀងរាល់ថ្ងៃ នៅគ្រប់ផ្លូវធ្វើដំណើរ។ យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១២ ដែលចេញដោយ សម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរផ្លូវគោកបានបង្ហាញថា គិតជាមធ្យមមានអ្នកស្លាប់ច្រើនជាង ៥នាក់ និងរបួសធ្ងន់ ១៥ នាក់ ក្នុងមួយថ្ងៃ។
របាយការណ៍បន្តថា សរុបចំនួនគ្រោះថ្នាក់ចរាចរណ៍ មាន ៤.២៥០ ករណី, ស្លាប់ ១.៩៦៦ នាក់,របួសធ្ងន់ ៥.៣៤៩ នាក់។ ដោយឡែកតម្លៃនៃការខាតបង់ប្រចាំឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០១២ កន្លងមកនេះ គិតជាទឹកប្រាក់ប៉ាន់ស្មាន ប្រមាណ ៣២៩ លានដុល្លារអាមេរិក។ដោយមើលឃើញនូវក្ដីព្រួយបារម្ភបែបនេះ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ក្រសួងយុត្តិធម៌សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំនូវវគ្គបណ្ដុះបណ្ដាល ស្ដីពីហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងទៅដល់យុវជនក្រសួងរយៈពេលពីរថ្ងៃ ដើម្បីបង្កើនការយល់ដឹងពីគោលនយោបាយសុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។
លោក ង៉ោ សុវណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍បានក្លាយទៅជាប្រធានបទដ៏ក្ដៅ ចំពោះប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ហើយដែលត្រូវបានបណ្ដាញសារព័ត៌មាន ផ្សាយនៅលើទំព័រមុខជារៀងរាល់ថ្ងៃ។ លោកបន្ដថា គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យប្រទេសកម្ពុជា ខាតបង់សេដ្ឋកិច្ចជាតិអស់រាប់លានដុល្លារ។ ការខាតបង់នេះ គឺជាចំនួនដ៏ធំហួសពីការស្មានក្នុងពេលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាកំពុងតស៊ូដើម្បីកាត់បន្ថយភាពក្រីក្រ។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់សម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរផ្លូវគោក បានរកឃើញថា កត្តាដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរចរណ៍នាពេលបច្ចុប្បន្ន មានដូចជា ល្បឿនបើកបរមិនសមស្រប,បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ឬ ឱសថ, ភាពនឿយហត់ និង អ្នកបើកបរជាយុវវ័យ, ការបើកបរក្នុងភាពងងឹត, មានបញ្ហាប្រព័ន្ធសុវត្ថិភាពយានយន្តដូចជា ហ្រ្វាំង ចង្កូត កង់ឡាន សញ្ញាបត់ឆ្វេង ស្ដាំ ភ្លើងហ្វា កូដ... , បរិស្ថានផ្លូវ ដូចជា បាំងពិបាកមើលឃើញអ្នកប្រើប្រាស់ផ្លូវអ្នកដ៏ទៃ, ព្រមទាំងកម្រិត គំហើញនៃអ្នកប្រើប្រាស់ផ្លូវ៕ ដោយ៖ មករា