ភ្នំពេញ៖នៅពេលរដូវច្រូតកាត់ចូលមកដល់ក្នុងរដូវវស្សាឆ្នាំនេះ អង្គការសេដាក បានធ្វើការណែនាំប្រជាពលរដ្ឋកម្ពុជាដែលសុទ្ធតែជាកសិករប្រកបរបរចិញ្ចឹមជីវិតតាមរយៈការធ្វើស្រែចំការប្រមាណជាង១លានគ្រួសារនៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីរបៀបទុកដាក់ពូជអោយសុទ្ធល្អ សម្រាប់ធ្វើអោយបានផលច្រើន និងលក់បានថ្លៃនៅរដូវក្រោយ។លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាកមានប្រសាសន៍ថាតាមសារអេឡិចត្រូនិកថា ដើម្បីបានពូជស្រូវល្អ យើងគួរអនុវត្តន៍វិធានការណ៍បច្ចេកទេសសំខាន់ៗ ចំនួន៤ចំណុច ទី១ ជ្រើសរើសកន្លែងណាដែលស្រូវលូតលាស់ល្អ (កន្លែងនៅឆ្ងាយពីភ្លឺបន្តិច) សំរាប់ច្រូតទុកធ្វើពូជ ទី២ រើសយកកួរមិនសុទ្ធល្អ និងកួរខ្លីចេញ ដោយសំរាំងទុកតែកួរដែលវែងហើយសុទ្ធល្អ។ យកល្អមែនទែនកួរស្រូវដែលរើសបានហើយ ត្រូវប្រឡះយកស្មែងខាងលើនិងស្មែងខាងក្រោមចេញ ដោយទុកតែស្មែងកណ្តាល ទី៣យកកួរដែលរើសបានមកប្រឡះ ឬបែននឹងជើង ដើម្បីយកគ្រាប់ទុកជាពូជ។ យកល្អមែនទែន គេគួរធ្វើការប្រឡះដោយដៃ ហើយចៀសវាងការបោកដោយដៃ និងការបោកដោយម៉ាស៊ីន។ និងទី៤ យកគ្រាប់ពូជស្រូវហាលឱ្យស្ងួត ហើយរក្សាទុកឱ្យបានល្អ តែគួរឧស្សាហ៍យកវាចេញមកហាល ដើម្បីរក្សានូវភាពស្ងួតឱ្យបានល្អ”។
លោកបានណែនាំបន្ថែមថា តាមបទពិសោធន៍កន្លងមកគេត្រូវការមនុស្សតែ ២នាក់ ដើម្បីអាចរើសកួរស្រូវបានគ្រប់គ្រាន់សំរាប់ដី ១ ហិកតា (ស្រែស្ទូង) ដោយប្រើពេល ១ថ្ងៃ។បើគិតជាការចំណាយប្រហែលអស់ ២ម៉ឺន-៣ម៉ឺនរៀល តែផលស្រូវកើនបានច្រើនរយគីឡូក្រាមក្នុង ១ហិកតា ឬរាប់សែនរៀល ពីការប្រើពូជសុទ្ធល្អ។អ្នកស្រី ភោគ ឡា កសិកររស់នៅភូមិព្រហ៊ូត ឃុំក្រាំងលៀវ ស្រុកបាទី ខេត្តតាកែវមានប្រសាសន៍ថា ចាប់តាំងពីគាត់បានអនុវត្តន៍ការជ្រើសរើសនិងទុកដាក់ពូជនៅឆ្នាំ ២០០៨មក ផលស្រូវរបស់គាត់មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំគឺប្រហែល ២០ភាគរយ បើប្រៀបធៀបទៅនឹងស្រែដែលមិនបានជ្រើសរើសពូជត្រឹមត្រូវ”។កសិករមួយរូបទៀតឈ្មោះ តុក លៀប រស់នៅភូមិត្រពាំងអង្គ ឃុំក្រាំងលៀវ មានប្រសាសន៍ថា តាមរយៈការជ្រើសរើសពូជស្រូវ ចំនួនស្មែងស្រូវមានការកើនឡើងពី ១០ ទៅ ១៤ស្មែងក្នុងមួយកួរ ហើយចំនួនគ្រាប់ស្រូវបានកើនឡើងពី ១៥០គ្រាប់ទៅ ២២០គ្រាប់ក្នុងមួយស្មែង ធ្វើឱ្យទិន្នផលស្រូវកើនឡើងខ្ពស់ និងលក់បានថ្លៃ”។ប្រធានអង្គការសេដាក បញ្ជាក់បន្ថែមថា ប្រសិនបើកសិករអ្នកផលិតស្រូវអនុវត្តបាននូវកិច្ចការខាងលើរៀងរាល់រដូវ ផលស្រូវនឹងកើនឡើងជាប់ជានិច្ច ហើយកសិករនឹងមានភាពជាម្ចាស់លើពូជស្រូវខ្លួនឯង។ការមានពូជស្រូវសុទ្ធល្អ ជាការចាប់ផ្តើមដ៏សំខាន់ សំរាប់ទៅកាន់ភាពជោគជ័យក្នុងការធ្វើស្រែនៅរដូវក្រោយ”៕ ដោយ៖ រតនា