បន្ទាយមានជ័យ៖ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមលោក លឹម គានហោ រួមទាំងក្រុមការងារ និង
អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣នេះ បានធ្វើដំណើរទៅពិនិត្យមើលស្ថាន
ភាពទឹកជន់លិចផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសន្តិភាព ឃុំពង្រ ស្រុកម៉ាឡៃ និងរកដំណោះស្រាយជួយរំដោះ
ទឹកចេញពី ភូមិឋាន របស់ប្រជាពលរដ្ឋចំនួន១៤២គ្រួសារ នៅក្នុងភូមិសន្តិភាព ។
នាយកខុទ្ទកាល័យក្រសួងធនធានទឹកនិងឧតុនិយមលោកចាន់ យុត្ថាបានថ្លែងឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ
នៅក្នុងភូមិសន្តិភាពឃុំពង្រស្រុកម៉ាឡៃចំនួន ១៤២គ្រួសារ ស្មើនឹងទំហំផ្ទៃដី៥០ហិចតា បានរងការលិចលង់
ដោយសារតែកម្លាំងទឹកហូរធ្លាក់មកពីប្រទេសថៃតាមច្រកអូរល្ហុងហេតុដូច្នេះហើយលោក រដ្ឋមន្រ្តី បានចុះ
ពិនិត្យមើលនិងរកវិធីសាស្រ្តជួយបញ្ជៀសទឹកទាំងនេះសិនដោយមានការចូលរួមពីក្រុមហ៊ុនអានកូរបស់លោក
ឧកញ៉ាកុកអានក្នុងការផ្តល់គ្រឿងចក្រចំនួន ២គ្រឿង។
លោកចាន់ យុត្ថា បានបន្តថាដោយសារតែនៅពេលនេះមេឃកាន់តែយប់ហើយនោះលោក រដ្ឋមន្រ្តី និងក្រុម
ការងារទាំងអស់ នឹងធ្វើការរំដោះទឹកចេញ នៅថ្ងៃទី៨ ខែសីហាស្អែកនេះពោលត្រូវដោះស្រាយ បញ្ហាចំពោះ
មុខជាមុនសិនដើម្បីកុំឲ្យបន្តមានការលិចលង់ ភូមិឋានរបស់ប្រជាពលរដ្ឋទៀត។
លោក ចាន់ យុត្ថា បានពន្យល់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះផ្ទះប្រជាពលរដ្ឋនៅតំបន់នេះតែង តែរងការ
នូវការលិចលង់ តាមរយៈការហូរទឹកពីប្រទេសថៃតាមច្រកអូរល្ហុងហើយចំពោះបញ្ហានេះលោករដ្ឋមន្រ្តី និង
ក្រុមមន្រ្តីបច្ចេកទេសបានរៀបចំផែនការ និងរកវិធីសាស្រ្តរួចហើយសម្រាប់ជួយរំដោះទឹកចេញ ឆ្ពោះទៅបឹង
ទន្លេសាបប៉ុន្តែត្រូវរង់ចាំឆ្នាំក្រោយទើបអនុវត្តពីព្រោះមានការខ្វះខាតថវិកាបន្តិច ។
ដូច្នេះ សម្រាប់ឆ្នាំក្រោយប្រជាពលរដ្ឋនៅតំបន់នេះនិងតំបន់ក្រុងប៉ោយប៉ែតលែងជួបនិងបញ្ហាលិចលង់ដូច
ពេលនេះទៀតហើយប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតនិងនៅស្រុកម៉ាឡៃសង្ឃឹមជឿជាក់ថាក្នុងរយៈពេល
ប៉ុន្មានឆ្នាំក្រោយទៀតនេះពួកគាត់លែងមានការលិចលង់ដោយសារទឹកជំនន់ហូរចាក់មកពីប្រទេសថៃនឹង
លែងបាននាំគ្រួសារចាកចេញទៅរកទីទួលសុវត្ថិភាពនឹងលែងបានទទួលអំណោយពីកាកបាទក្រហមនឹង
អំណោយផ្សេងៗពីមន្រ្តីសាលាបន្ទាយមានជ័យទៀតហើយ៕
ដោយ៖ស.ស្អាត