ភ្នំពេញ៖ប្រជាសហគមន៍ព្រៃឈើដីធ្លីនេសាទនិងសហគមន៍ក្នុងតំបន់ទីក្រុងបានមកជួបជុំគ្នាបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនចំពោះការគម្រាមកំហែងចោទប្រកាន់និងចាប់ខ្លួនមកលើក្រុមអ្នកស្ម័គ្រចិត្តការពារសិទ្ធមនុស្សដីធ្លីលំនៅដ្ឋាននិងអ្នកការពារធនធានធម្មជាតិក្នុងព្រះរាជាណាចក្រកម្ពុជាពីសំណាក់អាជ្ញាធរអ្នកមានអំណាចនិងមន្រ្តីតុលាការមួយចំនួន។ ការជួបជុំគ្នាសម្តែងនូវការព្រួយបារម្ភនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៣នៅទីស្នាក់ការ អង្គការ NGO Forum នាទីក្រុងភ្នំពេញ។
តំណាងសហគមន៍ផ្ទះសាមគ្គីលោកថេងសាវឿនបានលើកឡើងថាតាមការស្រាវជ្រាវរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះរកឃើញថាមានអ្នកការពារសិទ្ធិមនុស្សដីធ្លីធនធានធម្មជាតិនិងលំនៅដ្ឋានជាច្រើននាក់បានទទួលនូវការគម្រាមកំហែងតាមរយៈការប្រើប្រាស់អំណាចតុលាការការចាប់ខ្លួនចោទប្រកាន់ដោយបំភ្លៃរឿងក្តីទៅជាបទល្មើសព្រហ្មទណ្ឌដូចជាការញុះញង់ឆបោកនិងរំលោភកម្មសិទ្ធិឯកជនជាដើម។ ហើយការចោទប្រកាន់ទាំងនោះភាគច្រើនមន្រ្តីតុលាការនិងមន្រ្តីមានសមត្ថកិច្ចមិនបានធ្វើការស៊ើបអង្កេតឲ្យបានល្អិតល្អន់នោះទេ។
អ្នកតំណាងផ្ទះសាមគ្គីរូបនេះបន្តថាមិនត្រឹមតែប៉ុណ្ណោះសកម្មជនការពារធនធានធម្មជាតិនិងសិទ្ធិមនុស្សមួយចំនួនត្រូវបានគេធ្វើឃាតបាញ់ប្រហារនិងទទួលរងនូវអំពើហិង្សានានាពីសំណាក់កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមួយចំនួនដែលការពារ ឬទទួលបានលាភសការៈពីក្រុមហ៊ុនហើយអ្នករងគ្រោះទាំងនោះមិនទាន់ទទួលបាននូវភាពយុត្តិធម៌នៅឡើយ។
ចំណែកអ្នកស្រីហង្សចិន្តាតំណាងបណ្តាញសហគមន៍នៅទីក្រុងព្រះសីហនុបានលើកឡើងថាជាទូទៅអ្នកមានលុយមានអំណាចទាំងនោះមិនត្រូវបានតុលាការដាក់ទោសកំហុសស្របតាមទង្វើរបស់ពួកគេទេចំណែកអ្នកការពារសិទ្ធិមនុស្សដីធ្លីធនធានធម្មជាតិនិងលំនៅដ្ឋានវិញ ត្រូវបានរងការគម្រាមកំហែងពីការប្រើប្រាស់អំណាចតុលាការដោយគ្រាន់តែការពារសិទ្ធិដីធ្លីធនធានធម្មជាតិនិងលំនៅដ្ឋានរបស់ខ្លួនប៉ុណ្ណោះ។
លោកស្រីហង្ស ចិន្តា បានលើកហេតុផលថាជាក់ស្តែងនូចជាករណីលោកគុជវែងសកម្មជនសិទ្ធិមនុស្សដីធ្លីធនធានធម្មជាតិត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៣ហើយបញ្ជូនទៅដាក់ពន្ធនាគាខេត្តពោធិសាត់រហូតដល់សព្វថ្ងៃនេះមិនទាន់មានដំណោះស្រាយនៅឡើយទេ។ហើយការចាប់ខ្លួននោះទៀតសោតធ្វើឡើងគ្មានដីកាឬសំបុត្រស្នាមច្បាស់លាស់នោះដែរ។
ជាមួយគ្នានោះតំណាងសហគមន៍ខេត្តពោធិសាត់លោកម៉េងប៊ុនរឿនបានលើកឡើងថាពួកគាត់អស់ជំនឿលើប្រព័ន្ធតុលាការកម្ពុជាហើយបន្ទាប់ពីលោកបានឃើញករណីលោកគុជវែងដែលតុលាការបានធ្វើសកម្មភាពឃាត់ខ្លួនមកលើរូបគាត់។ ករណីនោះដែរក៏មានប្រជាពលរដ្ឋចំនួន១១គ្រួសារនិងប្រជាជននៅសហគមន៍មួយចំនួនបានស្នើសុំឲ្យមានការដោះលែងសកម្មជនរូបនេះឲ្យមានសេរីភាពឡើងវិញតែមិនមានការដោះលែងនោះទេព្រមទាំងមានការគម្រាមកំហែងមកលើប្រជាជនទាំងនោះទៀតផង។ រហូតមកពាក់កណ្តាលខែមិថុនាគ្រួសាររងគ្រោះទាំងនោះមានការខ្លាចរអាមិនហាមចូលរួមក្នុងសកម្មភាបតវ៉ាទាមទារដីរបស់គាត់ដូចកាលពីមុនទៀតទេដោយគាត់បានលើកហេតុផលថាពួកគាត់មិនហ៊ានតវ៉ាទៀតទេព្រោះខ្លាចគេស្អប់និងអស់សង្ឃឹមក្នុងការតវ៉ា។
ទោះជាយ៉ាងណាក៏ដោយលោកចាន់សុវ៉េតមន្រ្តីមកពីសមាគមន៍អាតហុកបានលើកឡើងថារហូតមកដល់ពេលនេះមានចំនួនសហគមន៍អ្នកការពារសិទ្ធិមនុស្សដីធ្លីធនធានធម្មជាតិលំនៅដ្ឋានទូទាំងប្រទេសកម្ពុជាជិត៥០០នាក់ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ហើយសកម្មភាពនេះនៅតែបន្តកើតមាន។ ជាក់ស្តែងនៅពាក់កណ្តាលឆ្នាំ២០១៣នេះមានសកម្មជនចំនួន២៧នាក់ត្រូវបានចាប់ខ្លួនតែលោកបានអះអាងថាចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១២មានការថយចុះ(តិច្ចជាងឆ្នាំ២០១២)។
លោកចាន់ សុវ៉េតបានអំពាវនាវឲ្យបញ្ឈប់សកម្មភាពចោទប្រកាន់ចាប់ខ្លួននិងដោះលែងអ្នកការពារសិទ្ធិមនុស្សដីធ្លីធនធានធម្មជាតិនិងលំនៅដ្ឋាន។ ហើយចាត់វិធានការនិងដាក់ទោសទណ្ឌដល់មន្រ្តីតុលាការនិងមន្រ្តីមានសមត្ថកិច្ចទាំងឡាយណាដែលមិនបានបំពេញទៅតាមវិជ្ជាជីវៈក្រមសីលធម៌នឹងប្រព្រឹត្តអំពើពុករលួយទៅតាមផ្លូវច្បាប់និងជំរុញឲ្យមានច្បាប់គ្រប់គ្រងចៅក្រមព្រះរាជអាជ្ញាឲ្យបានឆាប់ដើម្បីនិរន្នភាពនិងយុត្តិធម៌នៅកម្ពុជា៕
ដោយៈស.ស្អាត