ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តព.ស២៥៥៧-២៥៥៨ គ.ស ២០១៤ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសា ដើម្បីចូលរួមអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១ខែមីនា បានបង្ហាញថា ដើម្បីឲ្យពីធីនេះមានអធិកអធម និងដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍របស់យុវជនមហាជនទូទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា សូមគោរពអញ្ជើញ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មាន និងផ្តិតយករូបភាពនៃពិធីនេះឲ្យបានគ្រប់ៗគ្នា។
ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ព.ស២៥៥៧-២៥៥៨ គ.ស ២០១៤ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជន និងសាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ ស្មារតី ខ្មែរតែមួយអនាគតតែមួយ និងដើម្បីផ្តល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយ បានស្វែងយល់នូវភាពរុងរឿងង ល្បីល្បាញ នៃព្រះរាជាណាចក្រកម្ពុជា តាំងពិសម័យមហានគរ រហូតមកដល់បបច្ចុប្បន្ន នឹងឈានទៅបន្តថែរក្សាកេរមរតកនេះឲ្យបានគង់វង្សទៅអនាគត។
យ៉ាងណាមិញ នៅព្រឹក ថ្ងៃទី៣ខែមីនា សហភាព សហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីសែនក្រុងពាលី នៅក្នុងបរិវេណលានជល់ដំរី ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សម្រាប់ព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត ព.ស២៥៥៧-២៥៥៨ គ.ស ២០១៤ដែលនឹងប្រព្រឹត្តិទៅនៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសា ខាងមុខនេះឲ្យប្រកប ដោយជោគជ័យ និងមាននិរន្តរភាព។
គួររំលឹកផងដែរថា កាលពីឆ្នាំមុន អង្គរសង្ក្រាន្តបានទាក់ទាញទេសចរជាតិ និងអន្តរជាតិប្រមាណជា ១៧ ម៉ឺននាក់។សង្ឃឹមថា ឆ្នាំនេះ ចំនួនអ្នកចូលរួមនឹងកើនឡើងច្រើនជាងឆ្នាំមុនដោយសារតែព្រឹត្តិការណ៍នេះត្រូវបានគេស្គាល់ច្រើនជាងមុន។សូមជម្រាបជូនថា កាលពីឆ្នាំ ២០១៣ កន្លងទៅកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជាជាង៤លាន២សែននាក់ និងនាំចំណូលប្រមាណជា ២៥០០០លានដុល្លារអាមេរិក។ តំបន់អង្គរជាទីរមណីយដ្ឋានវប្បធម៌ល្បីល្បាញជាងគេដែលទាក់ទាញទេសចរអន្តរជាតិឲ្យចូលមកទស្សនាកម្ពុជា៕ ដោយ៖ ភីន រ៉ា