ខេត្តបន្ទាយមានជ័យ៖ ត្រីចម្រុះនៅក្នុងប្រឡាយ២របស់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថា បានពុលរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន ដោយក្នុងនោះប្រជាពលរដ្ឋ បាននាំគ្នាទៅនេសាទ ដើម្បីប្រកបអាជីវកម្មផង និងសម្រាប់ចិញ្ចឹមជីវិតផង។
បើតាមការអះអាងពីមន្ត្រីជំនាញបានឲ្យដឹងថា ត្រីដែលបានពុលងាប់នេះ ត្រូវប្រជាពលរដ្ឋនាំគ្នានេសាទដោយរឹបអូសបានប្រមាណជាង១០តោន ក្នុងប្រឡាយស្ពានក្រឡ និងប្រឡាយឯកភាពស្ថិតក្នុងស្រុកមង្គលបូរី ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ គឺមានរយៈពេល៥ថ្ងៃហើយ។
បើតាមលោកលោក ហ៊ី សេងគ្រី នាយសង្កាត់រដ្ឋបាលជលផលមង្គលបូរីបានប្រាប់ថា មកដល់ពេលនេះត្រីនៅតែបន្តពុល ដោយសារតែអាកាសធាតុប្រែប្រួល នារដូវទឹកស្រក គួបផ្សំជាមួយនិងហូរចេញពីស្រែល្អក់កង្វក់ក្នុងសភាពទឹកស្អុយនិងមានការបិទសំណង់ធារាសាស្ត្រពោធិ៍២ដើម ទើបធ្វើឲ្យទឹកគ្មានចរន្ត និងបណ្តាលឲ្យត្រីពុលងាប់យ៉ាងដូច្នេះ។ លោកបានបន្តឲ្យដឹងទៀតថា៖ រយៈពេលត្រីពុលនេះ ក្នុងមួយថ្ងៃយ៉ាងហោចណាស់ប្រជានេសាទមិនតិចជាង២០០នាក់ បានផ្អើលនាំគ្នាទៅបង់ត្រី ដោយក្នុងម្នាក់ៗ អាចរកត្រីបានយ៉ាងតិច១០ទៅ៣០គីឡូក្រាម ហើយភាគច្រើន គឺរកបានប្រភេទត្រីឆ្លូញ.ត្រីតាអន.ត្រីរៀល.និងត្រីអង្កត់ប្រាក់។ ដោយ៖ អភិរក្ស